ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសដេរជាច្រើនថ្នេរ បន្ទាប់ពីត្រូវយុវជនម្នាក់ទៀតកាប់ប្រហារកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លុះព្រឹកឡើងវេលាម៉ោង១១និង១៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ទើបរត់មកប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ ។
ជនរងគ្រោះខាងលើមានឈ្មោះសឹម សុផល អាយុ៣០ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចំណែកជនដៃដល់យកកាំបិតប័ុងតោកាប់មកលើជនរងគ្រោះខាងលើមានឈ្មោះ ភ័ក្រ អាយុជាង៣០ឆ្នាំ មុខរបរកម្មកសំណង់ដូចគ្នា ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអូស្នួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពងមស្ពឺ ។
ប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ និងយុវជនម្នាក់ទៀតឈ្មោះភ័ក្រ ដូចគ្នាបានជជែកគ្នាខ្លាំងៗនៅមុខបន្ទប់ខ្លួន ហើយជនរងគ្រោះបានចេញមកប្រាប់ថា កុំជជែកគ្នាឮៗពេក គេដេកគេពួន ខណៈនោះស្រាប់តែជនបង្កបានទាញកាំបិតប័ុងតោចេញពីក្នុងកាបូបស្ពាយកាប់មកលើជនរងគ្រោះជាច្រើនកាំបិតតែម្តង ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យក៏បបួលបក្ខពួក៥នាក់ផ្សេងទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ចំណែកជនរងគ្រោះ ក៏បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីព្យាបាលរបួស និងដេរមុខរបួស លុះព្រឹកឡើងទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីឱ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ