ខេត្តកណ្តាល ៖ ស្ត្រីជើងល្អម្នាក់ បានធ្វើសកម្មភាពយកគ្រឿងមាសកាឡៃទៅបញ្ចាំដើម្បីដើម្បីបោកយកលុយប្រមាណ៦ពាន់ដុល្លារ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលស្រុកកោះធំបានឃាត់ខ្លួនស្រ្តីម្នាក់ កាលព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីឆបោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ៤៩ ផ្លូវលេខ៤៦៦ ក្រុមទី២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ កែវ ដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ,២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មានមុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរមិនពិតប្រាកដនោះទេ ។
ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ សមត្ថកិច្ចបានចាប់យក គ្រឿងអល័ង្កា ខ្សែកកាឡៃ ចំនួន ០៦ខ្សែ , ចិញ្ចៀនកាឡៃចំនួន០១វង់ ខ្សែជើងកាឡៃចំនួន០១គូ , ខ្សែដៃដាំត្បូងពណ៌ស កាឡៃចំនួន០១ខ្សែ ,ទូរស័ព្ទចល័តចំនួន០១គ្រឿង , ថង់ក្រណាត់ ពណ៌ក្រហមចំនួន១ , កាបូបស្ពាយចំនួន០១ផងដែរ ។
របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនិងជនរងគ្រោះ កែវ ដា គឺជាអ្នកទើបតែស្គាល់គ្នា និងរកស៊ីទទួល បញ្ចាំជាមួយគ្នា ព្រមទាំងស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើ ។ លុះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០និង០០នាទី ជនសង្ស័យ ចេង ប៊ែ បានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅដាក់បញ្ចាំជាមួយជនរងគ្រោះ កែវ ដា ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល អោយយកមកបញ្ចាំក្នុងតម្លៃ ៣,០០០USD ។ ដោយយល់ថាធ្លាប់ស្គាល់គ្នា ឈ្មោះ កែវ ដា បានទទួលយកខ្សែ ដៃនោះ ដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ ហើយបានប្រគល់ប្រាក់ទៅអោយ ចេង ប៊ែ ចំនួន៣,០០០ដុល្លារសហរដ្ឋអាមេរិក។ លុះប្រមាណជា៣ម៉ោងក្រោយមក នៅយប់ថ្ងៃដដែល ជនសង្ស័យក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែម ចំនួន៣,០០០USDទៀត ដោយនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម ពេលនោះដោយសារ តែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានអោយប្រាក់ទៅ ចេង ប៊ែ ចំនួន ៣,០០០USDទៀត ។
បន្ទាប់មកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានការសង្ស័យទៅលើខ្សែ ដៃនោះក៏បានយកទៅអោយគេពិនិត្យ ទើបដឹងថាជាខ្សែដៃក្លែងក្លាយ (កាឡៃ) ។ ជនរងគ្រោះ កែវ ដា ក៏បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបាន ប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ ស្គាល់នោះទេ ។ ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និង ស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ ។
ជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ បាននិយាយនៅមុខសមត្ថកិច្ចថា ពិតជាបាន យកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ចំនួន ៦,០០០ដុល្លារអាមេរិកប្រាកដមែន ៕