ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅស្រុកស្វាយទាប និងស្រុកស្វាយជ្រំ ក្នុងថ្ងៃតែមួយ ។
តាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទីព្រលប់ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ១៤១ និងលេខ១៤២ ភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ២២០៩ អ្នកបើកបរឈ្មោះ សៀង ភារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ត្រដែត ឃុំកណ្តៀងរាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយធ្វើដំណើរទិសដៅពីលិចទៅលុះបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកអ្នកជិះកង់មាន ឈ្មោះ កែវ ម៉ុន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងបណ្ដាលអោយ រងរបួសធ្ងន់ (បាក់ជើងខាងស្តាំ) បានបញ្ចូនទៅមន្ទីរពេទ្យបង្អែស្វាយរៀង ។
ករណីមួយនេះ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយមូលហេតុ អ្នកជិះកង់ឆ្លងកាត់ផ្លូវពីជើងទៅត្បូងមិនប្រយ័ត្ន ។
ប្រភពបន្តថា ករណីទី២ កើតឡើងនៅលើផ្លូវ (ADB) វេលាម៉ោង៨និង៣០នាទីយប់ រវាងម៉ូតូ នឹងម៉ូតូ ត្រង់ចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សាក្សីនិយាយថា មុនកើតហេតុ ម៉ូតូម៉ាកវីស្តុន ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ ឈឹក វីរះ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មិនពាក់មួកសុវត្ថិភាព រស់នៅភូមិពោធិ៍ហោ សង្កាត់ពោធិ៍ហោ ក្រុងស្វាយរៀង ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ស្រាប់តែបុកម៉ូតូម៉ាក សង់កូរ៉េ C100 ពណ៌ក្រហម អត់ស្លាកលេខ បើកបរដោយឈ្មោះ កៅ ទឹម ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកសិករ (គ្មានពាក់មួកសុវត្ថិភាព) រស់នៅភូមិតាស្អាង ឃុំកំពងចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានទិសដៅពីត្បូងទៅជើងឆ្លងកាត់ខ្វះការប្រុងប្រយ័ត្នពេញទំហឹងបណ្ដាលអោយរងរបួសទាំងសងខាង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីនេះ កើតឡើងដោយមូលហេតុ អ្នកបរម៉ូតូ C100 ឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ចំពោះមធ្យោបាយម៉ូតូទាំង២គ្រឿង ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចំឡងស្រុកស្វាយជ្រំចាត់ការតាមច្បាប់ ៕ យឹម សុថាន