ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិប្រមូលផ្តុំទាមទារយកគ្រូទស្សន៍ទាយម្នាក់យកទៅសម្លាប់ចោល ចោទថាចេះអំពើអាបធ្មប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រូទស្សន៍ទាយម្នាក់ត្រូវបានអ្នកភូមិប៉ុនប៉ងយកជីវិត បន្ទាប់ពីគ្រូទាយម្នាក់នេះ បន្ទាប់ពីមានអ្នកជំងឺក្នុងភូមិម្នាក់ព្យាបាលមិនជា ។ ទោះយ៉ាងណា ករណីប៉ុនប៉ងយកជីវិតខុសពីវិស័យរបស់មនុស្សនោះ មិនបានសម្រេចនោះទេ ដោយកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល ។

លោកវរសេនីយ៍ឯកឃឹម សុផាន់រា អធិការនគរបាលស្រុកគងពិសី បានប្រាប់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ថា ករណីនេះកើតឡើងកាលពីវេលាម៉ោង១៥និង៣0នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា បុរសចំណាស់ដែលរងការប៉ុនប៉ងសម្លាប់នេះ ឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី មុខរបរគ្រូទស្សន៍ទាយ ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចឃើញថា ករណីនេះបានកើតឡើង បន្ទាប់ពីអ្នកភូមិម្នាក់មានជំងឺមើលមិនជា ទើបកើតមានហេតុការណ៍បែបនេះឡើងតែម្តង ។

សមត្ថកិច្ចអះអាងទៀតថា ទោះជាយ៉ាងណាការប៉ុនប៉ុងទាមទារយកបុរសចំណាស់ពីលើផ្ទះដើម្បីសម្លាប់នេះ មិនបានសម្រេចនោះទេ ដោយសមត្ថកិច្ចនគរបាលស្រុក ដឹកនាំដោយលោកចែម ភឺនរីមវុទ្ឋី ជាអភិបាលស្រុក បានចុះទៅអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកបុរសរូបនេះ តាមរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុក ចៀសវាងកុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ។

បើតាមសម្តីនគរបាលស្រុកមួយរូបបានប្រាប់ថា វាពិបាកណាស់ទម្រាំជម្លៀសជនរងគ្រោះចេញពីផ្ទះមកបាន ព្រោះប្រជាពលរដ្ឋមួយចំនួនដែលយល់ខុសបានទាមទារចង់យកជនរងគ្រោះទៅសម្លាប់ដោយចោទថា ចេះអំពើអាបធ្មប់ ទើបអ្នកក្នុងភូមិមានជំងឺមើលមិនជា ។

ស្ត្រីចំណាស់មួយរូបជាប្រពន្ធជនរងគ្រោះបានរៀបរាប់ថា ក្នុងភូមិមានគ្រួសារមួយ មានមនុស្សឈឺ តែក្រុមគ្រួសារមិនបានយកចិត្តទុកដាក់នាំទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលនោះទេ បែរជាទៅរកគ្រូហោគុនគូរមើលទៅវិញ។

តាមអ្វីដែលគាត់ដឹង គឺថាហោរាបានប្រាប់ថា នៅក្នុងភូមិមានមនុស្សចេះអំពើអាបធ្មប់ ទើបមនុស្សឈឺ មើលមិនជាបែបនេះ មិនបានប៉ុន្មានផង ស្រាប់តែនាំគ្នាមកចោទប្តីរបស់គាត់ថា ចេះធ្វើអំពើអាបធ្មប់ទៅវិញ ។ តាមពិតប្តីរបស់គាត់មិនចេះអ្វីនោះទេ ហើយការដែលគាត់ចេះទស្សន៍ទាយនេះ គឺដោយសារតែទាយតាមសៀវភៅដែលគេចងក្រងឡើងមកប៉ុណ្ណោះ ។

ក្នុងការដែលចោមរោមចង់យកប្តីគាត់យកទៅសម្លាប់នេះ ម្នាក់ៗលើកឡើងថា កាលណាចេះទស្សន៍ទាយគឺចេះធ្វើអំពើអាបធ្មប់ ហើយបើទោះជាប្តីគាត់ហ៑ានស្បថសូមឲ្យព្រះធរណីស្រូបយ៉ាងណាក៏ដោយ ក៏មនុស្សទាំងនោះមិនព្រមឡើយ គឺដឹងតែទាមទារចងសម្លាប់ប្តីរបស់គាត់ទៅវិញ។

ក្រោយដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុករួចហើយ ប្តីរបស់គាត់ត្រូវបានកូនប្រុសដឹកយកទៅរស់នៅជាមួយខាងខេត្តផ្សេង ដោយមិនឲ្យមករស់នៅក្នុងភូមិខាងលើទៀតឡើយ ៕ សេនាស័ក្តិ

e5 (1) e5 (2) e5 (3)


ចែករំលែក៖