ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនជាង១៦គីឡូក្រាមប្រមូលបាន៥ខេត្តដុតបំផ្លាញចោលនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គ្រឿងញៀនទម្ងន់ជាង ១៦គីឡូក្រាមត្រូវបានធ្វើពិធីដុតបំផ្លាញ តាមអំណាចសាលក្រមសាលដីកាស្ថាពរ របស់សាលាដំបូងខេត្តទាំង៥ គឺខេត្តបាត់ ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍ សាត់ និងខេត្តកំពង់ឆ្នាំង។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ លោក ច័ន្ទ សុផល អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងមានការចូល រួមពីអស់លោក លោកស្រីប្រធាន និងព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តទាំង៥ រួមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានិសិស្សជាច្រើន កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧នៅទីលានបាល់ទាត់វាលបែកចាន ស្ថិត ក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ ដំបងបានមានប្រសាសន៍សម្តែងការរីក រាយយ៉ាងក្រៃលែងដោយបានចូលរួមនៅក្នុងកម្មវិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមសាលដីកាស្ថាពរ របស់សាលាដំបូងខេត្តទាំង៥។

ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាល ខេត្តបាត់ដំបងលោក ច័ន្ទ សុផល សូមថ្លែង អំណរគុណចំពោះក្រសួងយុត្តិធម៌ សាលាដំបូងខេត្តដែលបានកំណត់យកខេត្តបាត់ដំបងជាទីតាំងរៀបចំកម្មវិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមសាលដីការបស់សាលាដំបូងខេត្តទាំង៥គឺខេត្តបាត់ដំបង, កំពង់ឆ្នាំង, ពោធិ៍សាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យក្នុងគោលបំណងបង្ហាញពីស្នាដៃសម្រេចបានក្នុងការ ចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿង ញៀនរបស់សាលាដំបូងខេត្តទាំង៥ដែលបានអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកអភិបាលខេត្តបានលើកឡើងអំពីស្ថានភាពនៃអ្នកញៀនគ្រឿងញៀន ដែលបង្កឲ្យមានបញ្ហាប្រឈមជាច្រើន ដល់អ្នកប្រើប្រាស់ផ្ទាល់ក្រុមគ្រួសារ និង សង្គមជាតិ ធ្វើឲ្យខូចសុខភាព ខាតបង់ថវិកា បាត់បង់សេចក្តីថ្លៃថ្នូរ បាត់បង់អនាគត ទទួលការរើសអើងពីអ្នកដទៃ និងបង្កអំពើហិង្សានៅក្នុងគ្រួរសារ ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា នៅដើមឆ្នាំ ២០១៧ថ្មីៗនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ចេញផែនការ លេខ០១ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ដោយត្រូវផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧ ក្រោមការដឹក នាំរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធានយុទ្ធការផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ដោយសារមានគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសគ្រឿងញៀនជាច្រើនករណីត្រូវបានបង្ក្រាបនិងបញ្ជូនទៅតុលាការដើម្បីជំនុំជម្រះនិងផ្តន្ទាទោសជាបន្តបន្ទាប់ គ្រឿងញៀនជាវត្ថុតាងជាច្រើនត្រូវបានតុលាការសម្រេចរឹបអូសនិងដុតបំផ្លាញចោល។

ជាក់ស្តែងតាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងជាតំណាងសាលាដំបូងខេត្តទាំង៥បានបញ្ជាក់ថា វត្ថុតាងថ្នាំញៀនដែលបានសម្រេចតាមសាលក្រមសាលដីកាស្ថាពររបស់សាលាដំបូងខេត្តទាំង៥ត្រូវដុតបំផ្លាញនៅពេលនេះរួមមាន៖ មេតំហ្វេតាមីនwy និងICE ចំនួន១៦.៥៨៧,៦៣ក្រាមមេតំហ្វេតាមីនICEចំនួន១៨កញ្ចប់និងម្សៅសម្រាប់ផលិតគ្រឿងញៀនចំនួន៧៥៩,១ក្រាម៕ សហការី

a ee

 


ចែករំលែក៖