ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តប៉ៃលិនថាទឹកស្ទឹងកខ្វក់ ពណ៌ក្រហមបណ្តាលមកពីភ្លៀងធ្លាក់ហូរ ច្រោះដី

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានប្រកាសថា ទឹកស្ទឹងដែលល្អក់ពណ៌ ក្រហមបណ្តាលមកពីទឹកភ្លៀងហូរច្រោះដីបាក់ចូលទៅក្នុងស្ទឹងមិនមែនបណ្តាលមកពីបញ្ហាគីមីអ្វីនោះទេ ។

មន្ទីរបរិស្ថានខេត្តប៉ៃលិនបានប្រកាសទៀតថា ស្ថានភាពនេះនឹងវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗនេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋមានភាពភ័យ ខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលទឹក ស្ទឹងប៉ៃលិនដែលជាទឹកសម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនភូមិដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុង សង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ ។

លោក គីម សុខា ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តប៉ៃលិនបានពន្យល់ឲ្យដឹងថា មូល ហេតុដែលនាំឲ្យមានបញ្ហាទឹកស្ទឹងល្អក់នៅខេត្តប៉ៃលិននេះដោយសារតែនៅក្នុងខេត្តទាំងមូលមានភ្លៀងធ្លាក់ចំនួន៣ថ្ងៃជាប់ៗគ្នាដោយមានកន្លែងខ្លះមានភ្លៀងធ្លាក់តិច និងកន្លែងខ្លះទៀតមានភ្លៀងធ្លាក់ច្រើន។

លោក គីម សុខា បានបន្តថា នៅក្នុង ភូមិសាស្រ្តប៉ៃលិនមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ស្នូលដែលជាមូលហេតុបណ្តាលឲ្យមានទឹកជំនន់នៅតាមអូរ ស្ទឹង ខណៈ ដែលតំបន់ទាំងនោះកងកម្លាំងវិស្វកម្មបាននិងកំពុងសាងសង់ផ្លូវក្រវាត់ព្រំដែនចំនួន៣៥គីឡូម៉ែត្រ ក្នុងចន្លោះព្រំដែនបង្គោលឡាក់លេខ៦៨ លេខ៦៩ និងលេខ៧០ក្នុង ភូមិសាស្រ្តចំណុចអូរតាផៃ ទុរេនពីរដើម អូរ ត្រាវ អូរដង វាលស្បូវ និងអន្លង់ខៀវដែល បង្កឲ្យមានការហូរបាក់ច្រោះដីនិងទាញយក សំណឹកពីការកាយដីផ្លូវហូរចូលនៅក្នុង ប្រព័ន្ធអូរនិងស្ទឹងចាប់ពីម៉ោង៨និង១០នាទីយប់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តប៉ៃលិនដដែលបានបន្តថា ទឹកដែលល្អក់កករនេះ នឹងអាចហូរកាត់ស្ទឹងក្នុងក្រុងប៉ៃលិន ស្រុក សាលាក្រៅ និងអាចចាក់ចូលទៅដល់ស្ទឹង ក្នុងស្រុកបរវេល ខេត្តបាត់ដំបង ។

យ៉ាងណាក៏ដោយលោក គីម សុខា បានអះអាងថា ទឹកល្អក់កកររហូតហូរចូល មកប្រព័ន្ធស្ទឹងអូរនៅខេត្តប៉ៃលិននឹងមានសភាពវិលមកល្អធម្មតាវិញនៅពេលឆាប់ៗ ខាងមុខ ដូចនេះសូមកុំឲ្យប្រជាពលរដ្ឋមាន ការភាន់ច្រឡំ និងព្រួយបារម្ភដោយប្រការ ណាមួយ ។

លិខិតបញ្ជាក់ជាផ្លូវការពីលោក គីម សុខា បានធ្វើឡើងក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៧ ខណៈដែលទឹកស្ទឹង ប៉ៃលិនដែលជាដង្ហើមជីវិតសម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនភូមិដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់ បរយ៉ាខា និងភូមិអូរច្រាកណ្តាល ក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជា ច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ ស្រាប់តែប្រែក្លាយទៅជាល្អក់កករហូរពីលើមកសុទ្ធតែភក់ជ្រាំដូចខ្ទុះខួរត្រីអណ្តែង ពោលគឺប្រើប្រាស់លែងកើតតែម្តង ។

សូមបញ្ជាក់ថា ហេតុការណ៍អាក្រក់ ខាងលើនេះគេសង្កេតឃើញថា ពពួកមច្ឆជាតិចម្រុះមួយចំនួនបានងាប់អណ្តែតទឹកប្រជាពលរដ្ឋមិនអាចប្រើប្រាស់ទឹកស្ទឹងបាន ហើយពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ ជួយសង្គ្រោះបន្ទាន់ពីថ្នាក់ដឹកនាំពាក់ព័ន្ធ បញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃផងដែរ ៕ ហេង សូរិយា

 

1 2 3


ចែករំលែក៖