ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ លោក ប្រន សិរីវុធ តំណាងអោយលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូងបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពីរភូមិគឺភូមិត្រពាំងធំនិងភូមិត្រពាំងស្វាយ ក្នុងឃុំដូង ស្រុករមាសហែក ។
ពិធីជួបសំណេះសំណាលនេះផងដែរលោក ប្រន សិរីវុធ បានពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំចុះជួយស្រុករមាសហែក និងឃុំដូង ដល់ប្រជាពលរដ្ឋ ទាំងការរស់នៅប្រចាំថ្ងៃក៏ដូចជាការប្រកបមុខរបរ អាជីវកម្ម ការបង្កបង្កើនផលស្រូវដំណាំជាដើម។
តំណាងក្រុមការងារចុះជួយឃុំដូងលោក ប្រន សិរីវុធ បានលើកឡើងពីការយកចិត្តទុកដាក់ពីក្រុមការងារមកលើប្រជាពលរដ្ឋដោយជម្រុញ ធ្វើយ៉ាងណាខិតខំពីការបង្កបង្កើនផលដើម្បីសម្រាលដល់ការខ្វះខាតចំពោះជីវភាពគ្រួសារ។ ក្នុងនោះលោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវគិតសំខាន់ពីការរស់នៅរបស់ប្រជាពលរដ្ឋ ធានាអោយបានពីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់តាមមូលដ្ឋាន អោយស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
គួររំលឹកថា៖ក្រុមការងារចុះជួយឃុំដូងតែងតែចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជារៀងរាល់មួយសប្តាហ៍ពីរដង បើទោះជាមមាញឹកនិងការងារបែបណាក៏ដោយ៕ សុខ ខេមរា