ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកប្រពន្ធរងរបួសធ្ងន់ ដោយសារតែត្រូវរថយន្តម៉ាក វីស្តូ បើកវ៉ាជែងហើយបុកពេញទំហឹង ហើយទើរលើរថយន្តអូសជាង១០០ម៉ែត្រ ទើបធ្លាក់ពីលើរថយន្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ ភូមិថ្លល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ភារះ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានស្រុកកំណើតនៅ ខេត្តស្វាយរៀង។ ចំណែកប្រពន្ធ ឈ្មោះសុខ ហ៊ីម អាយុ28ឆ្នាំ មុខបរកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពឲ្យដឹងថា នៅមុនពេលកើតគេឃើញម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ 2015 ពណ៍ ពាក់ស្លាក់លេខ ភ្នំពេញ 1DC-1958 បើកបរដោយបុរសម្នាក់និងឌុបប្រពន្ឌធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Visto ពាក់ស្លាកលេខ ភ្នំពេញ2P-5692បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសគ្នា ហើយបានជែងរថយន្តមួគ្រឿងទៀត ក៏ជ្រុលបុកម៉ូតូពេញទំហឹងហើយរថយន្តបានអូសបុរសជាប្ដីទៅមុខជាង 100m ទើបទម្លាក់ជនរងគ្រោះទៅលើថ្នល់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
បន្ទាប់មករថយន្តព្យាយាមបើករត់ដល់មុខវិទ្យាល័យជម្ពូវ័ន ក៏បុកម៉ូតូមួយគ្រឿងទៀត ពីក្រោយម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BB-6694 បណ្តាលដោយឈ្មោះ យ៉ាន យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសមធ្យម រួចហើយបានទុករថយន្តចោលហើយបានរត់គេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងនគរបាលចរចរណ៍ជើងគោករាជធានី មកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ។
ចំណែកសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ សុខាសែនជ័យ