ភ្នំពេញ៖ តារាចម្រៀង និងសម្តែង លោក រតនៈ ពិសិដ្ឋ បានធ្វើឲ្យតារាចម្រៀង ចាន់ ស្រីនាថ អររំភើបជាមួយនឹងការរំជួលចិត្តខ្លាំងក្រោយពីលោកបានពញាក់កម្មវិធីខួបកំណើតនាង ដល់លើឆាកតន្ត្រីកាលពីចុងសប្តាហ៍មុននេះ។
នៅលើឆាកតន្ត្រីយុវវ័យរបស់ស្ថានីយទូរទស្សន៍បាយ័ន លោក រតនៈ ពិសិដ្ឋបានកាន់នំខួបកំណើតតូចមួយអុជទៀនអបអរថ្ងៃខួបកំណើតរបស់ ចាន់ស្រីនៀត ដែលនាងមិនដឹងខ្លួនមុនសោះ ។ ក្រៅពីតារាប្រុសស្រីទាំងពីររូប ក៏គេឃើញមានវត្តមានសិល្បករមួយចំនួនផ្សេងទៀតឈរទះដៃអបអរថ្ងៃខួបកំណើតគម្រប់វ័យ២៥ឆ្នាំមិនបានព្រាងទុកនេះដែរមានដូចជាកញ្ញា ឈិត សុវណ្ណបញ្ញា លោក Step ក្រុមកំប្លែងរបស់កញ្ញា យេៗជាដើម ។
ចាន់ ស្រីនាថ លើកឡើងថា នេះគឺជាកលើកទី១ ដែលនាងទទួលបាននំខួបកំណើតនៅលើឆាកតន្ត្រី ។ នាងថា ពិតជារំភើបរំជួលចិត្តខ្លាំងស្ទើហោះផង ស្ទើយំផង ព្រោះតែមិនបាននឹកគិតដល់មានអ្នកធ្វើឲ្យភ្ញាក់ផ្អើល។ នាងបញ្ជាក់ថា រតនៈ ពិសិដ្ឋគឺជាមិត្តរួមអាជីពជិតដិតប៉ុណ្ណោះ មិនមែនជាមនុស្សសំខាន់សម្រាប់នាងឡើយ។ នាងបញ្ជាក់ដែរថាមិនមានគម្រោងរៀបចំពិធីខួបកំណើតធំដុំទេ ព្រោះតែនាងទើបនឹងរៀបចំពីឡើងផ្ទះថ្មីកាលពីអំឡុងខែមុននេះប៉ុណ្ណោះទើបខ្លាចចិត្តមិនហ៊ានរំខានភ្ញៀវ។ នាងបន្តថាទោះមិនមានពិធីធំដុំប៉ុន្តែនាងបានរៀបចំជាលក្ខណៈគ្រួសារដោយការរៀបចំការទទួលទានអាហារជុំគ្នាជាមួយក្រុមគ្រួសារ និងមានកម្មវិធីខ្លះៗជាមួយមិត្តភ័ក្កិជិតដិតប៉ុណ្ណោះ។ អ្វីដែលនាងប្រាថ្នាក្នុងថ្ងៃខួបកំណើតនេះគឺសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងការរីកចម្រើនក្នុងការងារសិល្បៈ។
នាងពិតជាថ្លែងអំណរគុណចំពោះមិត្តរួមអាជីព ជាពិសេសលោក រតនៈ ពិសិដ្ឋ ដែលបានរៀបចំពិធីខួបកំណើតនេះ សម្រាប់នាងបើទោះបីជានំតូចបន្តិច ប៉ុន្តែទឹកចិត្តពិតជាធំធេញសម្រាប់នាង ហើយនាងពិតជាចាំមិនភ្លេចសម្រាប់ការជួបជុំទាំងនេះ៕ វឌ្ឍនា