ភ្នំពេញ ៖ អភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ និងសិល្បករចុះធ្វើការសាកសួរសុខទុក្ខប្រជាពលរដ្ឋទាំងមេឃកំពុងភ្លៀងខ្លាំងកាលពីទី០១ ខែមេសា ឆ្នាំ២០១៧។ លោក អភិបាលខណ្ឌក៏បានធ្វើការចុះជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧និង សមាជិកគណបក្សប្រជាជនកម្ពុជា ភូមិព្រែកទាល់១ និងភូមិព្រែកទាល់២សរុបមានប្រមាណជាង១០០នាក់។
ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅភូមិព្រែក ទាល់ក្រោមវត្តមានរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យនិងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យ ទី២, លោកឧកញ្ញ៉ា ទំ សារុត (ហៅនាយ ឃ្លោក)ប្រធានគណៈកម្មាធិការប្រចាំសង្កាត់ស្ទឹងមានជ័យទី២, លោកស្រី ទាវ ធីតា និងតារាសម្តែងលោក អ៊ឹម ជីវ៉ា ព្រមជាមួយការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បានលើកឡើងថា ថ្វីត្បិតតែមេឃភ្លៀងយ៉ាងនេះក៏ពិតមែន ប៉ុន្តែលោកនៅតែបំពេញតួនាទីដើម្បីចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ២ ពិសេសដើម្បីបានជ្រាបអំពីបញ្ហាប្រឈមនានាដែលអាចនឹងកើតមានចំពោះ ពលរដ្ឋក្នុងមូលដ្ឋាន។លោក បញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អដើម្បីដោះស្រាយនូវតម្រូវការបញ្ហាមួយចំនួនដែល មានចំពោះមុខប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលបានស្នើសុំព្រោះថា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ខ្ញុំដូចគ្នា។
ទន្ទឹមពេលជាមួយគ្នានៃពិធីចុះសំណេះសំណាលរបស់អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី នេះដែរក្រោយពេលបញ្ចប់កម្មវិធីក៏មានការចែកអំណោយជាថវិកាដល់សមាជិក ប្រមាណជាង១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕ វឌ្ឍនា