ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូជិត១០គ្រឿង បានដេញវាយប្លន់ម៉ូតូពីយុវជន២នាក់យ៉ាងសាហាវ តែត្រូវសមត្ថកិច្ចមកជួយអន្តរាគមន៍ ក៏ត្រូវក្រុមក្មេងស្ទាវនាំគ្នាវាយបណ្តោលឲ្យបែកមុខ បែកមាត់ហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ ព្រះសុរាម្រិត នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឌួន សំណាង ហៅយក ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួយ សង្កាត់មានជ័យ ខណ្ឌមានជយ័ មុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ងួន ចិន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ យ៉ាង វណ្ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតពួកខ្លួនបានចូលក្លិបមួយកន្លែងជាមួយមិត្តភក្តិ តែត្រូវមិត្តភក្តិជិះម៉ូតូទៅចោលអស់ ហើយរូបខ្លួន ក៏ជិះម៉ូតូម៉ាក ហុងដា c125 ទៅផ្ទះ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានជួប ក្រុមក្មេងមួយក្រុមទៀត ដោយពួកគេមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿង បានមកវាយរូបខ្លូន ដោយក្នុងដៃ កាន់ខ្សែក្រវាត់អត់ដឹងថា មានរឿងអីផង ពេលនោះក៏មានសមត្ថកិច្ចបានមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ក៏ត្រូវក្រុមក្មេងស្ទាវនាំគ្នាវាយបណ្តោលអោយបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ភ្លាមៗនោះក្រុមស្ទាវបង្កនោះ ជនសង្ស័យជិះម៉ូតូគេចបាត់ស្រមោលតែម្តង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានតែម្នាក់ខាងលើ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនចាត់ការតាមនីតិវិធីច្បាប់ ៕ ស រស្មី