ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃមានប្រព័ន្ធ iCloud តាមរក ឃើញបាញ់ធ្លាយពោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ម្នាក់ត្រូវបានសមត្ថកិច្ចបាញ់ធ្លុះពោះក្រោយ ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេច ខ្លួនកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅក្បែរផ្ទះ សំណាក់យីហោ ស្រែខ្ញុំ ខាងក្រោយវិទ្យា ល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

នារីរងគ្រោះឈ្មោះ សៀន សិលា អាយុ ២០ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហ្សូ៊មើរ ពាក់ ស្លាកលេខភ្នំពេញ 1CQ-0393 បានឲ្យដឹង ថា មុនពេលកើតហេតុកាលពីវេលាម៉ោង៧និង៣០នាទីយប់នាងបានជិះម៉ូតូចេញពីផ្ទះដើម្បីទៅរកទិញអាហារញុាំនៅម្ដុំសាលា សន្ធរម៉ុក ។ ពេលជិះមកដល់ក្រោយសាលា សន្ធរម៉ុកស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិកនិងមួយគ្រឿងទៀតម៉ាកSL ជិះមកពី ក្រោយ ហើយធ្វើសកម្មភាពឆក់កាបូប ស្ពាយចំហៀងរបស់នាងទៅបាត់។ នៅក្នុង កាបូបនោះមានសម្ភារដូចជាទូរស័ព្ទដៃម៉ាក I phone 6+ មួយគ្រឿង លុយ៥០ ដុល្លារ និងដុំសាកថ្មមួយ ។

នារីរងគ្រោះបានបន្តថា ដោយសារតែទូរស័ព្ទរបស់នាងនៅក្នុងកាបូបនោះបានភ្ជាប់ប្រព័ន្ធ fine my phone ឬហៅថា i Cloud ដែលជាប្រព័ន្ធតាមដានទូរស័ព្ទ ពេលដែលបាត់បង់គ្រាន់តែបើកប្រព័ន្ធនេះភ្លាមដឹងថា ទូរស័ព្ទរបស់នាងនៅកន្លែងណា ទើបនាងបានតាមដានទូរស័ព្ទរបស់នាងតាមប្រព័ន្ធនេះហើយក៏ដឹងថា ជនសង្ស័យ នៅកន្លែងណា។ ក្រោយមករូបនាងបាន ហៅអ្នកផ្ទះរបស់នាង៤ទៅ៥នាក់ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីតាមចាប់ជនសង្ស័យតាមប្រព័ន្ធតាមដានដែលបានភ្ជាប់ក្នុងទូរស័ព្ទរបស់នាង។ លុះពេលតាមដានរហូតដល់ជិតកន្លែងក្រុមចោរលាក់ ខ្លួននាងក៏ប្រទះឃើញជនសង្ស័យហើយបានដេញចាប់ជាមួយសមត្ថកិច្ច។ រហូត មកដល់ចំណុចផ្លូវចូលក្នុងបុរីអង្គរភ្នំពេញព្រំប្រទល់រវាងខណ្ឌឫស្សីកែវនឹងខណ្ឌសែន សុខសមត្ថកិច្ចបានដកកាំភ្លើងខ្លីបាញ់សំដៅជនសង្ស័យដែលជិះម៉ូតូម៉ាកSL ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង 1A-5301 ជិះគ្នា២នាក់ដោយបាញ់ចំអ្នកឌុបត្រូវចំ បញ្ឆិតពោះខាងស្ដាំបណ្ដាលឲ្យម៉ូតូដួលហើយជនសង្ស័យម្នាក់ដែលជិះពីក្រោយបានលោតចូលក្នុងទឹកប្រឡាយនៅអមផ្លូវខាងលើគេចខ្លួនបាត់។ ចំណែកម៉ូតូបក្ខ ពួករបស់ពួកគេមួយគ្រឿងទៀតបានជិះរត់គេចខ្លួនជាមួយនឹងកាបូបរបស់នាងបាត់ ផងដែរ ។

ជនសង្ស័យដែលសមត្ថកិច្ចបាញ់ឲ្យ របួសនោះឈ្មោះ ឆុង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំភូមិ បាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកវត្ថុតាងម៉ូតូមួយគ្រឿងសមត្ថកិច្ចខណ្ឌទួលគោកបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ

unnamed (2) unnamed (3)


ចែករំលែក៖