ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មរ៉ែមាសយ៉ាងអនាធិបតេយ្យនៅមណ្ឌលគិរីបង្កគ្រោះថ្នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ទីតាំងអាជីវកម្មជីករ៉ែមាសរាប់សិបកន្លែង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលត្រូវបានគេរាយការណ៍ មកថាកំពុងធ្វើសកម្មភាពយ៉ាងអនាធិប តេយ្យផ្ទុយនឹងច្បាប់អនុញ្ញាត ហើយបង្កគ្រោះថ្នាក់ជាច្រើនដល់មនុស្ស។ អាជ្ញាធរ មូលដ្ឋានបានលួចបង្ហើបថា សកម្មភាពទាំង នេះគ្មានមន្រ្តីណាចេញទប់ស្កាត់ឬបង្រ្កាបនោះទេ ហើយអាជីវកម្មបំផ្លាញសម្បត្តិរដ្ឋទាំងនោះទំនងមានអ្នកធំនៅពីក្រោយខ្នងយ៉ាងពិតប្រាកដទើបអាចធ្វើអ្វីៗបានយ៉ាងនេះ ។

អ្នកឃ្លាំមើលសកម្មភាពនៃការធ្វើអាជី វកម្មរ៉ែទាំងនេះបានរៀបរាប់ថា រណ្ដៅជីក រ៉ែមាសនោះជារបស់សហគមន៍សិប្បកររ៉ែមាសចុងផ្លាស់ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក តែ គឹមសាន ជាប្រធានដែលគេ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយមន្រ្តីនៃ មន្ទីររ៉ែ និងថាមពល និងអង្គភាពពាក់ព័ន្ធ ដទៃទៀតនៅខេត្តមណ្ឌលគិរីដែលទទួលបានប្រយោជន៍មិនតិចនោះទេ។

អ្នកឃ្លាំមើលបាននិយាយថា សព្វថ្ងៃ នេះសហគមន៍រ៉ែមាសចុងផ្លាស់មានច្បាប់អនុញ្ញាតត្រឹមតែ១២រណ្តៅប៉ុណ្ណោះតែជាក់ ស្ដែងសហគមន៍នេះបែរជាធ្វើសកម្មភាពលើសចំនួនអនុញ្ញាតនោះ រាប់សិបកន្លែង។

បើតាមបញ្ញត្តិច្បាប់ការធ្វើអាជីវកម្មជីករ៉ែមាសគឺត្រូវធ្វើឡើងដោយប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍ដែលមានជម្រៅ រណ្ដៅត្រឹមតែជាង២០ម៉ែត្រប៉ុណ្ណោះហើយ ការប្រើប្រាស់សារធាតុគីមីត្រូវឲ្យស្របតាមគោលការណ៍ច្បាប់ការប្រើប្រាស់រំសេវនិងគ្រឿងបំផ្ទុះក្នុងរណ្តៅរ៉ែធ្វើបានទាល់តែស្ថិត ក្រោមការត្រួតពិនិត្យរបស់មន្រ្តីនគរបាល ជំនាញត្រឹមត្រូវហើយចំនួនរណ្តៅត្រូវមានចំនួនពិតប្រាកដត្រឹមត្រូវតាមច្បាប់កំណត់។ ប៉ុន្តែប្រធានសហគមន៍លោក តែ គឹមសាន បែរជានាំជនជាតិវៀតណាម និងជនជាតិ ចិនទៅជីករណ្ដៅរ៉ែនោះទៅវិញ ហើយ ជម្រៅរណ្តៅជ្រៅជាងច្បាប់អនុញ្ញាតដល់ទៅរាប់រយម៉ែត្រដាក់រំសេវបំផ្ទុះយ៉ាងសេរីដោយមិនបាច់មានការត្រួតពិនិត្យពីមន្រ្តី ជំនាញណាឡើយ។

លោក តែ គឹមសាន បានដើរប្រមូលបក្ខ ពួកមានទាំងជនបរទេសផងឲ្យមកជីក រណ្តៅបន្ថែមរហូតដល់ជាង២០រណ្តៅថ្មី ថែមទៀត ដោយតម្រូវឱ្យម្ចាស់រណ្ដៅថ្មី នោះបង់លុយឲ្យខ្លួនយ៉ាងច្រើនសន្ធឹក សន្ធាប់។ សព្វថ្ងៃនេះលោក តែ គឹមសាន កំពុងយកឈ្មោះអ្នកដឹកនាំម្នាក់នៅរាជធានី ភ្នំពេញមកធ្វើសកម្មភាពទាំងនេះ ។

ករណីធ្វើអាជីវកម្មរ៉ែមាសខុសស្តង់ដារបច្ចេកទេសនេះបានបង្កឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៧ មានបុរសម្នាក់បានរអិល ជើងធ្លាក់ចូលរណ្តៅរ៉ែមាសមួយកន្លែងនៅឃុំចុងផ្លាស់បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពាក់កណ្តាលផ្លូវក្នុងពេល បញ្ជូនទៅមន្ទីរពេទ្យនិងករណីមួយទៀតម្ចាស់រណ្តៅខុសច្បាប់មួយនៅឃុំចុងផ្លាស់ដែរត្រូវមន្ត្រីជំនាញចុះទៅបិទមិនឱ្យធ្វើ សកម្មភាពទៀត ព្រោះអត់ច្បាប់តែត្រូវ ម្ចាស់រណ្តៅមានគ្នាប្រមាណ៦-៧នាក់នាំ គ្នាលោតចូលក្នុងរណ្តៅនោះដោយបាន គំរាមសមត្ថកិច្ចថា បើហ៊ានបិទរណ្តៅនោះ ពួកគេនឹងសម្លាប់ខ្លួននៅក្នុងរណ្តៅនេះ ភ្លាម ។

បច្ចុប្បន្ននេះឈ្មោះសហគមន៍សិប្បកររ៉ែមាសនៅទីនោះបើគ្រាន់តែស្តាប់ឈ្មោះគឺ ល្អមែនទែនដោយគេយកប្រជាសហគមន៍ជាវាំងនន តែធាតុពិតម្ចាស់រណ្តៅគឺមាន លោក តែ គឹមសាន ជាប្រធានសហគមន៍ បងប្អូនលោក តែ គឹមសាន និងបក្ខពួក លោក លាត លីមគុណ មានតួនាទីជាមេឃុំ ចុងផ្លាស់ លោកឌី មានតួនាទីជាអនុប្រធាន សហគមន៍ លោក លឹម អតីតជាប្រធាន សហគមន៍ លោក គ្រូសឿន លោក សម្បត្តិ លោក លាង និងនៅមានម្ចាស់រណ្តៅជាច្រើនឈ្មោះទៀតជាបក្ខពួករបស់លោក តែ គឹមសាន ។

លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តមណ្ឌលគិរីបានឱ្យដឹងថា បើ សិនជាមន្ទីររបស់លោកបានពិនិត្យឃើញថា ខុសច្បាប់មែនខាងមន្ទីរនឹងបញ្ឈប់ និងលុបច្បាប់អនុញ្ញាតនេះចោលតែម្តង ព្រោះ ការអនុញ្ញាតច្បាប់នេះមន្ទីរជាអ្នកចេញឲ្យ។

នគរវត្តមិនអាចសុំការបំភ្លឺពីលោក តែ គឹមសាន ប្រធានសហគមន៍រ៉ែមាសចុង ផ្លាស់បានទេកាលពីរសៀលថ្ងៃថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៧ ៕ ហេង សូរិយា

Bondith_6 copy

 


ចែករំលែក៖