ព័ត៌មានទាន់ហេតុការណ៍៖

នៅសល់ចំហាយស្រវឹងមកដល់ផ្ទះចង់វាយប្រពន្ធនិងឪក្មេកថែមទាំងបោកបំផ្លាញទ្រព្យសម្បត្តិទៀត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ពកូនប្រុសរួមដំណើរ ជាមួយឪពុកបង្កើតរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅទាំងព្រឹកបន្ទាប់ពីត្រូវប្តីប្រើ អំពើហិង្សាវាយបំផ្លិចបំផ្លាញរបស់ទ្រព្យក្នុង គ្រួសារថែមទាំងជេរប្រមាថគំរាមវ៉ៃទៅលើ ឪពុកក្មេកបង្កឲ្យមានការភ័យព្រួយពីសុវត្ថិ ភាពក្នុងគ្រួសារ ។

ហេតុការណ៍ខាងលើបានកើតឡើងញឹកញាប់ណាស់មកហើយនៅក្នុងគ្រួសារមួយនេះហើយលើកចុងក្រោយបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៧ នៅផ្ទះលេខ២០ តាមផ្លូវវេង ស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

បុរសជាប្តីឈ្មោះ សារិទ្ធ រ័ត្នធី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះ កើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិពោធិ៍រមៀល ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកប្រពន្ធឈ្មោះ ទូច សារឿន អាយុ២១ឆ្នាំ មុខរបរចុងភៅ ជា មួយឪពុក មានទៅលំនៅផ្ទះលេខ២០ ក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅ។ គ្រួសារ ខាងលើ មានកូន២នាក់ប្រុស១នាក់ ស្រី១ នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមស្រ្តីជាប្រពន្ធបានឲ្យនគរបាលដឹងថា ខ្លួនត្រូវបានចាស់ទុំផ្សំផ្គុំឲ្យក្លាយជាប្តី ប្រពន្ធស្របច្បាប់ជាមួយបុរសឈ្មោះសារិទ្ធ រ័ត្នធី អស់រយៈពេល៣ឆ្នាំកន្លងមកហើយ ដោយរៀបការត្រឹមត្រូវមានទាំងលិខិត អាពាហ៍ពិពាហ៍ដែលមកដល់ពេលនេះ មានកូនចំនួន២នាក់ជាចំណងស្នេហ៍។ ស្រ្តីដដែលបន្តទៀតថាដោយសារការរស់នៅមិនចុះសម្រុងគ្នាព្រោះតែលោកប្តីមិនដែលជួយការងារជាចុងភៅដែលជារបរ ប្រចាំគ្រួសារឡើយគិតតែដើរផឹកសុីស្រវឹងប៉ោឡែបង្កហិង្សាក្នុងគ្រួសារមិនស្តាប់ដំបូន្មាន ឪពុកម្តាយ មិនតែប៉ុណ្ណោះជេរគំរាមវ៉ៃឪពុក ម្តាយក្មេកជាអ្នកមានគុណដាក់បណ្តាសារ ឪក្មេកថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះជាញឹកញាប់។ កន្លងមកជននេះក៏ធ្លាប់ត្រូវសមត្ថកិច្ចហៅមកអប់រំម្តង រួចមកហើយដែរតែនៅមិនរាងចាល។ នៅលើកចុងក្រោយនេះនាងទ្រាំលែងបានក៏ រត់ទៅប្តឹងនគរបាលនិងប្តឹងអាជ្ញាធរសង្កាត់ សុំស្នើលែងលះតែម្តង ។

បើតាមបុរសឈ្មោះ វ៉ាត ម៉េត អាយុ ៥៣ឆ្នាំ មុខរបរមេចុងភៅត្រូវជាឪពុករបស់ នាងរងគ្រោះរស់នៅផ្ទះកើតហេតុបានឲ្យ ដឹងថា កូនស្រីប្រុសរបស់គាត់ទោះជារៀបការហើយ មានកូនក្តី តែមុខរបរការងារគាត់ ទំនុកបម្រុងរកការងារឲ្យធ្វើជារបរចុងភៅ ក្នុងពិធីផ្សេងៗ។ បុរសជាឪពុកបន្តទៀតថា របរការងារមានធ្វើប៉ុណ្ណឹងហើយតែកូន ប្រសាប្រុសវិញបែរជាមិនរវល់យកពេល ទំនេរដើរផឹកសុីប៉ោឡែមិនស្តាប់ដំបូន្មាន ឪពុកម្តាយទាំងឪពុកម្តាយបង្កើតទាំងឪពុក ម្តាយក្មេកពោលគឺមិនស្តាប់ការអប់រំទូន្មាន ពីឪពុកម្តាយខាងណាទាំងអស់សូម្បីតែ ប្រពន្ធក៏និយាយលែងស្តាប់ដែរ ។

អស់រយៈពេល១ឆ្នាំកន្លងមកហើយផ្តល់តែភាពសៅហ្មងក្នុងគ្រួសារវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិបង្កហិង្សាក្នុងគ្រួសារទោះជាស្នើសុំឲ្យនៅផ្ទះតែស្ងៀមជួយមើលថែកូនចៅខ្លួនឯងទៅបានហើយមិនបាច់ជួយការងារនិងមុខរបរប្រចាំគ្រួសារក៏ដោយក៏តែ កូនប្រសារូបនេះមិនស្តាប់រហូតលើកចុងក្រោយនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ គ្រាន់តែភ្ញាក់ពីដំណេកមិនដឹងលោកកូន ផឹកស្រវឹងសល់ពីណាមកទេក្រោយពីបាត់មួយយប់ចូលដល់ក្នុងផ្ទះជះសម្តីប្រាវជេរប្រមាថប្រពន្ធកូន ជេរប្រមាថគំរាមវ៉ៃទាំង ឪក្មេកវ៉ៃរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះបង្កឲ្យ ភ័យខ្លាចព្រួយបារម្ភពីសុវត្ថិភាពក្នុងគ្រួសារ ទើបទ្រាំលែងបានរត់ទៅប្តឹងនគរបាល។ ចំណែកកូនស្រីវិញក្រោយពីប្តឹងនៅប៉ុស្តិ៍ រដ្ឋបាលហើយបន្តប្តឹងទៅអាជ្ញាធរសង្កាត់ចោមចៅសុំលែងលះដោយសារតែទ្រាំ លែងបានទៀត ។

រឿងរ៉ាវវិវាទទំនាស់ក្នុងគ្រួសារខាងលើ នគរវត្តមិនអាចសុំការបំភ្លឺពីភាគីខាងប្តីបាន ឡើយ ខណៈមិនមានវត្តមាននៅប៉ុស្តិ៍នគរបាល ឬសាលាសង្កាត់ឡើយហើយអាជ្ញាធរ បន្តនីតិវិធីចេញលិខិតអញ្ជើញភាគីចុង ចោទមកសម្របសម្រួលគ្នាពេលក្រោយ៕ ហេង សូរិយា

Bondith_3 copy

 


ចែករំលែក៖