អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនលោក Ernesto Abella បានប្រកាសថា ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេបានសម្រេចដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីក្នុងតំបន់ ដោយសារតែលោក អស់ទំនុកចិត្ត។ តាមការប្រកាសរបស់ លោកErnesto Abella ការដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sueno គឺជាការព្រមានដល់មន្ត្រីផ្សេងទៀតនៅក្នុងជួររដ្ឋាភិបាល ថា លោកឌុយទែរតេ មិន ឯកភាពទៅលើការសម្រេចដោយគ្មានមូលដ្ឋាន ច្បាប់ច្បាស់លាស់និងគួរឲ្យសង្ស័យរបស់មន្ត្រីទាំងនោះ
។
ប្រធានាធិបតីហ្វុីលីពីនបានប្រកាស ដកហូតតំណែងខាងលើគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី៣ ខែមេសា ។ អ្នកនាំពាក្យប្រធានាធិបតីបានបញ្ជាក់ថា លោក Sueno ធ្លាប់បញ្ចុះបញ្ចូល លោកឌុយទែរតេឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ប៉ុន្តែក៏ត្រូវដកចេញពីតំណែងពេលគ្មានទំនុកចិត្តទៀតនោះ។ ប្រធានាធិបតីហ្វុីលីពីន បានប្រកាសនា ពេលកន្លងមកថា លោកបានដកតំណែង មន្ត្រី ក្នុងស្ថាប័នផ្សេងគ្នា ៩២រូបក្នុងខែមីនា កន្លងមក ដើម្បីទប់ស្កាត់អំពើពុករលួយនៅក្នុងប្រទេសនេះ។
ប្រធានាធិបតីហ្វុីលីពីនធ្លាប់បានលើកឡើងថា លោកនឹងអនុវត្តច្បាប់យោធា អាជ្ញាសឹកក្នុងការបញ្ចប់តំណែងមន្ត្រីតាមតំបន់ដែលគ្មានភាពស្មោះត្រង់ក្នុងការដឹកនាំ ។ ហេតុការណ៍ខាងលើ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាព ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះខ្លាចរងការគំរាម កំហែងក្រោមរបបដឹកនាំរបស់លោក ឌុយ ទែរតេ។
ការដកតំណែងខាងលើកើតឡើងក្នុង ដែលរដ្ឋលេខាធិការរបស់ក្រសួងមហាផ្ទៃ ៣រូប រងការចោទប្រកាន់ពីបទពុករលួយហើយរដ្ឋមន្ត្រីបានការពារមន្ត្រីទាំងបីរូបនោះ ដោយច្រានចោលការចោទប្រកាន់ ខាងលើ។
ក្រោយពេលប្រធានាធិបតីឌុយ ទែរតេ បានទទួលជោគជ័យនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមកលោកក៏បានអនុវតសង្គ្រាមប្រឆាំងអំពើពុករលួយជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស បង្ករឲ្យមានការប៉ះពាល់ ដល់មន្ត្រីធំៗជាច្រើនផងដែរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធ នឹងប្រទេសហ្វុីលីពីនផងដែរ នោះគឺ ការចរចាសន្តិភាពរវាងរដ្ឋាភិបាលក្រុងម៉ានីល និងពួកឧទ្ទាមកុម្មុយនីស្ត ម៉ៅនិយម នឹងចាប់បើកឡើងវិញ នៅប្រទេស ហុល្លង់ មិនមែននៅក្រុងអូស្លូ ប្រទេស ន័រវេស ដូចការគ្រោងទុកដំបូងនោះ ឡើយ។
តំណាង រដ្ឋាភិបាលហ្វីលីពីន និងតំណាងពួកឧទ្ទាមបានផ្តើមធ្វើការជាមួយគ្នាលើគម្រោងពិភាក្សា តែជំនួបចរចាជាផ្លូវការដំបូងឡើយគ្រោងប្រព្រឹត្តនៅថ្ងៃអាទិត្យ តែត្រូវលើកទៅធ្វើនៅថ្ងៃចន្ទវិញ នៅប្រទេស ហុល្លង់ ក្នុងក្រុងដែលមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់មេដឹកនាំចរចាម៉ៅនិយម។ នេះបើ តាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលដោះស្រាយវិបត្តិន័រវេស ដែលជាអន្តរការី។
ជំនួបលើកនេះ អាចរាប់បានថាជាលើក ទីបួន ដែលក្រុងម៉ានីល និងក្រុមឧទ្ទាម ម៉ៅនិយម សុខចិត្តចូលអង្គុយចរចាគ្នា។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ មានជំនួប ម្តងម្កាលដែរ តែទើបត្រូវបានផ្តល់សន្ទុះ ជាថ្មី នៅពេលលោកឌុយទែរតេ បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វុីលីពីន។
ការចរចាសន្តិភាពជាមួយចលនាឧទ្ទាមម៉ៅនិយមជាអាទិភាពចម្បងមួយរបស់ លោក ឌុយ ទែរតេ។ ប៉ុន្តែមានលក្ខខណ្ឌចាំបាច់ដែលលោកប្រធានាធិបតីបានរំលឹកជាថ្មីនៅ ថ្ងៃអាទិត្យកន្លែងមកនេះ មុននឹង ឈានដល់ចរចា គឺពួកឧទ្ទាមត្រូវគោរពបទ ឈប់បាញ់ បញ្ឈប់សកម្មភាពចាប់ជំរិត យកលុយ ដុតបំផ្លាញ និងត្រូវដោះលែងអ្នកទោសជាប៉ូលិសជាយោធាទាំងអស់។ លោក ឌុយទែរតេ បដិសេធមិនព្រមទទួលស្គាល់ការទាមទារសុំទឹកដីរបស់ពួកកុម្មុយនីស្ត ទេ។
ពួកឧទ្ទាមកុម្មុយនីស្តហ្វុីលីពីន ចង់ផ្តួលរំលំរដ្ឋាភិបាលមូលធនក្រុងម៉ានីលដែលដឹកនាំប្រទេសឱ្យមានគម្លាតខ្លាំងរវាងអ្នកមាននឹងអ្នកក្រ តាំងពីឆ្នាំ១៩៦៨មកហើយបានបង្កជម្លោះប្រដាប់អាវុធឡើងដែលក្រុម ឧទ្ទាមនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្ស អស់ ៣០.០០០នាក់។
កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាល ក្រុងម៉ានីល និងពួកឧទ្ទាមបានជួបប្រជុំគ្នាជាលើកទីមួយ នៅក្រុងអូស្លូ។ ប៉ុន្តែជំនួបនោះត្រូវបានបិទបញ្ចប់ទៅវិញ នៅខែកុម្ភៈ នៅពេលពួកឧទ្ទាមម៉ៅនិយមបានបាញ់ សម្លាប់ទាហានជាតិបួននាក់ ហើយនៅ ដើមខែមីនា លោកឌុយទែរតេបានបញ្ជាឱ្យប៉ូលិសនិងទាហានបង្កើនការវាយសង្គ្រប់លើពួកឧទ្ទាមនោះជាការសងសឹក។
ការយល់ព្រមខាងលើគឺជាសញ្ញាដ៏ ប្រសើរ ក្រោយពេលដែល ប្រធានាធិបតី ហ្វុីលីពីន លោក ឌុយទែរតេ បានសម្រេច ចិត្តបោះបង់ចោលការចរចាសន្តិភាពជាមួយពួកឧទ្ទាមកុម្មុយនីស្ត និងប្រកាសត្រៀម ខ្លួនធ្វើសង្គ្រាមប្រដាប់អាវុធ រយៈពេលវែង ជាមួយនឹងពួកឧទ្ទាមនេះ។ ទាំងភាគីរដ្ឋា ភិបាល និងពួកឧទ្ទាមសុទ្ធតែបានបរិហារបទឈប់បាញ់ ដែលចូលជាធរមានកាលពី៥ ខែមុន។
កាលពីសប្តាហ៍មុន ពួកឧទ្ទាមកុម្មុយ នីស្ត បានប្រកាស មិនគោរពបទឈប់បាញ់ ដែលភាគីបដិបក្ខ បានប្រកាន់យកជាឯក តោភាគី តាំងពីខែសីហាមក ដើម្បីចរចា សន្តិភាព នៅក្រុងអូស្លូ។ ពីរថ្ងៃក្រោយ កងកម្លាំងរដ្ឋាភិបាលហ្វុីលីពីន ក៏បាន បរិហារដូចគ្នាពីបទឈប់បាញ់នោះ។
លោក ឌុយទែរតេ ដែលបានដោះលែង មេឧទ្ទាម ដើម្បីផ្តល់សន្ទុះដល់ការចរចា នៅពេលឡើងកាន់តំណែងភ្លាម បានបញ្ចេញប្រតិកម្មក្រេវក្រោធយ៉ាងខ្លាំង ចំពោះទង្វើ របស់ពួកឧទ្ទាមកុម្មុយនីស្ត ដោយបាន ព្រមានថា មិនខ្លាចនឹងធ្វើសង្គ្រាមទេ ទោះបីត្រូវប្រើពេលយូរយ៉ាងណាក៏ដោយ។
ក្រុមអ្នកចរចាបានទទួលបញ្ជាឱ្យវិលត្រលប់មកផ្ទះវិញ ព្រោះលោកប្រធានាធិបតីមិនចាប់អារម្មណ៍នឹងការចរចាទៀតទេ ហើយបដិសេធមិនទទួលនិយាយជាមួយក្រុមនេះឡើយ។ នេះជាសម្ដីបញ្ជាក់បន្ថែមរបស់លោកឌុយទែរតេ ដោយបានឆ្លៀត ថ្កោលទោស ក្រុមយោធាប្រជាជនថ្មី ដែលជាកម្លាំងទ័ពរបស់ពួកឧទ្ទាមកុម្មុយនីស្ត មានគ្នាប្រមាណបួនពាន់នាក់ ពីបទមនុស្សឃាតលើទាហានហ្វុីលីពីនចំនួនបួននាក់កាលពីសប្តាហ៍មុន៕ ម៉ែវ សាធី