ភ្នំពេញ ៖ បន្ទាប់ពីបានដាក់បញ្ចូលចាប៉ី ដងវែងខ្មែរនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការយូណេស្កូបានទទួលនិង កំពុងពិនិត្យសំណើកម្ពុជាសុំបញ្ចូលល្ខោនខោល និងគុនល្បុក្កតោខ្មែរចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ឯកសារ ល្ខោនខោលនិងគុនល្បុក្កតោខ្មែរនេះបានផ្ញើជូនអង្គការយូណេស្កូកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ អង្គការយូណេស្កូក៏ បានទទួលការឆ្លើយតបជាផ្លូវការពីអង្គការយូណេស្កូនៅរសៀលថ្ងៃដដែល ។
សេចក្ដីជូនព័ត៌មានដដែលបានឲ្យដឹង ទៀតថា តាមគោលការណ៍និងនីតិវិធីរបស់អង្គការយូណេស្កូឯកសារនីមួយៗដែល ដាក់ស្នើសុំត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃជាច្រើនដំណាក់កាលពីក្រុមជំនាញអន្តរជាតិមុនដាក់ជូនការពិនិត្យសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃ អង្គការយូណេស្កូដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨ខាងមុខ ។
បន្ថែមពីនេះក្រុមបច្ចេកទេសរបស់ ក្រសួងវិចិត្រសិល្បៈបាននិងកំពុងបន្តខិតខំសិក្សារៀបចំឯកសារមរតកវប្បធម៌អរូបីផ្សេងៗទៀតរបស់ជាតិមានជាអាទិ៍ភ្លេង អារក្ស តម្បាញសូត្រខ្មែរ…ដើម្បីត្រៀម ដាក់ស្នើទៅអង្គការយូណេស្កូផងដែរ ។
សូមរំលឹកថា អង្គការយូណេស្កូបានដាក់ បញ្ចូលប្រាសាទអង្គរវត្តប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រល្ខោនស្រមោលស្បែកធំ របាំព្រះរាជទ្រព្យ ចាប៉ីដងវែង ។ល។ ជា បេតិកភណ្ឌពិភពលោកផងដែរ ៕ ហេង សូរិយា