ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីរាជការស្រុក ក្រុងទាំងប្រាំបី និងតាមមន្ទីរនានាជុំវិញខេត្ត និងមានការចូលរួមពីភ្ញៀងវៀតណាម ដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ ។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
លោកស្រីឧបនាយករដ្នមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីរាជការជុំវិញខេត្តស្វាយរៀងបានខិតខំបំពេញកិច្ចការងារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញទទួលបានជោគជ័យមួយកម្រិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៧ ។
លោកស្រីក៏បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជុំវិញខេត្តហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព .ស២៥៦០គ. ស២០១៧នេះ សូមជូនពរអោយទទួលបានសិរសីសួស្តីឆ្នាំថ្មី នូវពុទ្ធពរទាំងបួនប្រការ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្នមន្ត្រីនៃកម្ពុជា បានដឹកប្រទេសតាំងពីបាតដៃទទេ ប្រែក្លាយឲ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាពពេញប្រទេសល្បី រន្ទឺលើឆាកអន្តរជាតិ។
លោកស្រីម៉ែន សំអន បានបន្តទៀតថា រាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគក្នុងនិងក្រៅប្រទេស មកបន្តាក់ទាន់រកស៊ីដូចជាខេត្តស្វាយរៀងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានប្រមាណជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ។
លោកស្រីម៉ែន សំអន ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តស្រុក ក្រុង ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនិងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរ អគ្គីភ័យជាដើម។
លោកស្រីបានបញ្ជាកថា ឆ្នាំថ្មីគឺមកនាំការអភិវឌ្ឌថ្មីបន្ថែមទៀត និងនាំមកសិរីសួរស្តីដល់សង្គមជាតិខ្មែរទាំងមូល ។ នៅក្នុងពិធីជូនពរចូលឆ្នាំថ្មីនេះដែរ ក៏មានការជូននូវបាច់ផ្កាវត្ថុអនុស្សាវរីយ៍ដល់គណៈអធិបតីពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ ៕ យឹម សុថាន