ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះថា ចោរភ្ជង់កាំភ្លើងប្លន់ម៉ូតូ ប៉ូលីសថា សង្ស័យជាករណីចាញ់បោកគេទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លានាំគ្នាចុះទៅពិនិត្យដល់កន្លែងកើតដោយសារមានករណីក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទាំងថ្ងៃ ហើយជិះគេចខ្លួនដោយសុវត្ថភាព។

ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី៦ ខែមេសា នៅចំណុចផ្លូវលំភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉យ រ៉ូយ៉ាល់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥សេរីឆ្នាំ១២១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X6153 ជិះម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ។

ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុ ស្រាប់លេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុង សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមមកពីក្រោយជិះមកពាំងពីមុខហើយជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់បានចុះពីលើម៉ូតូ ដកអាវុធខ្លី១ដើមមកភ្ជង់គំរាមយកម៉ូតូរបស់គាត់(ជនរងគ្រោះ) ហើយក្រុមជនសង្ស័យបាននិយាយថា កុំស្រែក បើហ៊ានស្រែក គេនឹងបាញ់សម្លាប់ចោល។

ជនរងបន្តទៀតថា ពេលនោះរូបគាត់មានការភិតភ័យ ក៏ប្រគល់ម៉ូតូឲ្យទៅក្រុមជនសង្ស័យតែម្តង ហើយក្រុមជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូដែលប្លន់បាននោះទៅបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ ។

ចំណែកនគរបាលប៉ុស្តិ៍ទឹកថ្លាវិញ ពេលដែលចុះទៅដល់កន្លែងកើតហេតុ បាននិយាយថា សង្ស័យមិនមែនករណីប្លន់ទេ គឺប្រហែលជាជនរងគ្រោះចាញ់បោកគេហើយបំភ្លៃថា ជាករណីប្លន់ទៅ៕ តុង សីហា

ae (3) ae (4) ae (5) ae (6) ae (1) ae (2)


ចែករំលែក៖