ខេត្តកណ្តាលៈ រឿងរ៉ាវស្នេហាមួយបានធ្វើឲ្យនារីវ័យជំទង់ម្នាក់ សុខចិត្តចុះចេញពីផ្ទះឪពុកម្តាយទៅរស់នៅជាមួយបុរសជាសង្សារអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភយ៉ាងខ្លាំង ឈានទៅដល់ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ព្រមទាំងដើរតាមរករហូតប្រទះឃើញកូនស្រីសំណព្វចិត្តរស់នៅជាមួយបុរសជាសង្សារ នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ។
បន្ទាប់ពីបានជួបកូនស្រីឪពុកម្តាយ ក៏បានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ ។ ក្រោយពីបានចម្លើយសារភាពរបស់គូស្នេហ៍ទាំង២នាក់នេះថា ពួកគេពិតជាស្រឡាញ់គ្នាដោយគ្មានការបង្ខិតបង្ខំរួចមក លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលពុំបានអនុញ្ញាតឲ្យចាប់ខ្លួនបុរសជាសង្សារនោះឡើយ ដោយឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ ។ នារីវ័យ១៧ឆ្នាំរូបនេះក្រោយពីសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ នាងមិនបានទៅជាមួយឪពុកម្តាយនោះទេ ពោលគឺសុខចិត្តរួមរស់ជាមួយបុរសជាសង្សារដដែល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គូស្នេហ៍ស្ម័គ្រស្មោះខាងលើនេះ ខាងប្រុសឈ្មោះ មឿន ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិនាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តខ្មៅ ក្រុងតាខ្មៅ ។ ចំណែកឯខាងស្រីឈ្មោះ មាស ចន្ធូ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទៈ មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា គូស្នេហ៍ទាំង២នាក់បានទំនាក់ទំនងគ្នាតាមទូរស័ព្ទអស់រយៈពេលច្រើនខែ រហូតកើតជាស្នេហាអូនបង ។ លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ វេលារសៀលនារីរូបនេះបានទំនាក់ទំនងទៅបុរសជាសង្សារឲ្យទៅយកនៅម្តុំស្ពានកំពង់ទួល បន្ទាប់មកបុរសជាសង្សារ ក៏បានជិះម៉ូតូទៅឌុបនារីជាសង្សារយកទៅ ស្នាក់នៅផ្ទះរបស់ខ្លួនឯស្រុកកំណើត ។ ក្នុងអំឡុងពេលស្នាក់នៅផ្ទះជាមួយគ្នាអស់រយៈពេលមួយសប្តាហ៍ បុរសរូបនេះបានរួមរក្សជាមួយនារីជាសង្សារបានចំនួន៦លើក ទើបនាំគ្នាត្រឡប់មកស្នាក់នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុងតាខ្មៅវិញ ។
ការស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើនេះ គូស្នេហ៍ទាំង២នាក់បានរួមរក្ស័ជាមួយគ្នាបានចំនួន១៨លើកទៀត ទើបនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨យប់ ម្តាយឪពុកតាមរកកូនស្រីឃើញ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅឲ្យជួយអន្តរាគមន៍តែម្តង ៕ ស្អាងជ័យ