ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈមានការសង្ស័យ ហើយឆែកឆេររកឃើញដាវកែច្នៃមួយដើមនៅក្នុងម៉ូតូ។
ការឃាត់ខ្លួនជនទាំងពីរនាក់នេះធ្វើឡើងកាលពីវេលាម៉ោង ២០ និង ២៥ នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀនយ៉ាម៉ាមិកូ ផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះទី១មាន ឈ្មោះ តុន សុីណេ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលទូរសព្ទ័ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី២មានឈ្មោះ រ៉េន វីរះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកអាប៊ុល ស្នាក់នៅភូមិស្លែងរលើង ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានចុះល្បាតមូលដ្ឋានលុះដល់មុខសាលារៀនយ៉ាម៉ាមិកូ ឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាZOOMERX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ 4964 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត មានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ ឆែកឆេរឃើញដាវសាំម៉ូរៃកែឆ្នៃមួយដើម សមត្ថកិច្ចក៏បាននាំខ្លួនអ្នកទាំងពីរយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លា ។
ជនសង្ស័យបាននិយាយថា រូបគេបានធ្វើដាវសាំមូរ៉ៃកែឆ្នៃមួយដើមនេះទុកសម្រាប់ដាក់ការពារខ្លួនពេលដើរលេងបុណ្យចូលឆ្នាំថ្មីខាងមុខនៅឯស្រុកកំណើត ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា