ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ទ្រហោយំ សុំឲ្យតុលាការកំពូលរកយុត្តិធម៌ ករណីទំនាស់ជាមួយឈ្មួញដីដ៏មានឥទ្ធិពលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានទ្រហោយំចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ដោយសុំឲ្យស្ថាប័នកំពូលមួយនេះ រកយុត្តិធម៌ ករណីទំនាស់ជាមួយលោក ហ៊ុន ប៊ុនធឿន ហៅតាលាង ដែលគេស្គាល់ថាជាឈ្មួញដីដ៏មានឥទ្ធិពលម្នាក់ ។

សម្លេងទ្រហោយំនេះ បានបន្លឺឡើងកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នាសវនាការតុលាការកំពូល ។

ឯកសារតុលាការកំពូល បង្ហាញថា តុលាការកំពូលជំនុំជម្រះរឿងក្តីបរិហារកេរ្តិ៍ជាសាធារណៈ ដោយមានជនជាប់ចោទឈ្មោះ ឃួន ម៉ាលីន ភេទស្រី អាយុ៥២ឆ្នាំ និង មានដើមបណ្ដឹងឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង ភេទប្រុស អាយុ៥៨ឆ្នាំ ។

សវនាការនេះ ដឹកនាំដោយលោក ឃឹម ប៉ុណ្ណអនុប្រធានតុលាការកំពូល និង លោក ជុំ សំបាន ជាតំណាងមហាអយ្យការ ។

ចៅក្រមរបាយការណ៍តុលាការកំពូល ថ្លែងថា ជនជាប់ចោទឈ្មោះ ឃួន ម៉ាលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១២ ផ្តន្ទាទោសពិន័យជាប្រាក់ចំនួន១លានរៀល និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១២០០០ដុល្លារអាមេរិក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។ ប៉ុន្តែការសម្រេចនេះ ត្រូវបានលោកស្រី ឃួន ម៉ាលីន ប្តឹងមកសាលាឧទ្ធរណ៍ ។

សាលាឧទ្ធរណ៍ កាលពីឆ្នាំ២០១៣ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយគ្រាន់តែកែប្រែសំណងជំងឺចិត្តចំនួន១២០០០ដុល្លារអាមេរិក មកជា៣០លានរៀលវិញ ។ ការសម្រេចរបស់សាលាឧទ្ធរណ៍ ទាំងជនជាប់ចោទនិងដើមបណ្ដឹង បានប្តឹងសាទុក្ខមកតុលាការកំពូល ។

នាពេលសវនាការ លោកស្រី ឃួន ម៉ាលីន ដៃកាន់ឈើច្រត់ក្រោយទើបវះកាត់បាន៧ថ្ងៃ អះអាងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះ ថា លោកស្រីពុំបានបរិហារកេរ្តិ៍ តាលាង តាមរយៈសារព័ត៌មានដូចការចោទប្រកាន់នោះទេ ។ លោកស្រី បានទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់ តាលាង ដែលបានរំលោភដីធ្លីរបស់លោកស្រី ។

ដោយឡែកលោក ម៉ក់ ប៊ុណ្ណា និងលោក វ៉ា ពិសី មេធាវីការពារជនជាប់ចោទ សំណូមពរឲ្យតុលាការកំពូលរកយុត្តិធម៌ជូនកូនក្ដី និង ទម្លាក់ការចោទប្រកាន់នេះ ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការកំពូលសម្រេចលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះវិញ ៕ ចេស្តា

1

aaa


ចែករំលែក៖