ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋនៅកណ្ដាលក្រុងពោធិ៍សាត់កំពុងរងានឹងករណីចោរភ្ជង់បាញ់ប្លន់យកម៉ូតូឆៅៗជាបន្តបន្ទាប់ នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៧នេះ ដោយក្រុមចោរបានធ្វើសកម្មភាពបានសម្រេចរហូតដល់ទៅចំនួន ០៣លើ នេះអាចចាត់ទុកជាស្វាគមន៍ និងសាកកំលាំងជាមួយអធិការនគរបាលក្រុងពោធិ៍សាត់ ខណៈទើបនឹងឡើងកាន់មុខតំណែងក៍ថាបាន។
ប្រភពខាងលើបន្តថា ជាក់ស្តែងចុងក្រោយនេះ នៅវេលាម៉ោងប្រមាណ២២ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅម្តុំស្ពានថ្ម្មថ្មី ស្ថិតក្នុងភូមិស្ទឹងតូច សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ មានករណីភ្ជុងបាញ់ និងវាយប្លន់យកម៉ូតូពីស្រ្តីម្នាក់បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្តកិច្ចបន្តិចសោះ។
ប្រភពដដែលបន្តទៀតថា ក្រុមចោរមានគ្នាចំនួន២នាក់ មធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ស្កូពី បានបើកមកកៀស្រ្តីរងគ្រោះឈ្មោះ រី លក្ខិណា អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ដែលកំពុងធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ស្កូពី សេរីឆ្នាំ២០១៥ ពណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1D 5679 បានដកអាវុធខ្លីររួចបាញ់ភ្ជុចដីចំនួន ១គ្រាប់ដើម្បីគំរាម និងវាយលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្តកិច្ចនោះឡើយ។
ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា គួររំលឹកផងដែរថា៖ ករណីខាងលើនេះ មិនមែនទើបនឹងកើតមានម្តងនេះទេ គេនៅចាំបានថា តាំងពីលោក អធិការនគរបាលក្រុងពោធិ៍សាត់ឡើងកាន់មុខតំណែង ហេតុការណ៍បែបនេះ មានចំនួន ០៣លើកកន្លងមកហើយ លើកទី១ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រោយផ្ទះលោក អធិការនគរបាលក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិដួងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ម៉ូតូម៉ាក(ស៊ុំមើ) លើកទី២ នៅម្ដុំហាងសម្នៀងសុខសាន្ត ស្ថិតក្នុងបាករទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ម៉ូតូម៉ាក(ស្កូពី) និងលើកទី៣ដូចបានរាបរបខាងលើ៕ ប៉ឹម ពិន