ភ្នំពេញ ៖ អាជ្ញាធរសាលារាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋ និងកងកម្លាំងសន្តិសុខទាំងអស់ប្រុងប្រយ័ត្ននូវគ្រោះអគ្គីភ័យ ដែលនឹងអាចកើតឡើងក្នុងអំឡុងប្រជាពលរដ្ឋទូទាំងប្រទេសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា នៅក្នុងពិធីសូត្រមន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ បានព្រមានថា គ្រោះអគ្គីភ័យនឹងអាចកើតមានជាយថាហេតុក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ បើសិនជាប្រជាពលរដ្ឋធ្វេសប្រហែស ជាមួយនឹងភ្លើងធូប ទាន ដែលដុតសែនព្រេនទេវតា។ លោកឲ្យដឹងថា ៖ ក្នុងអំឡុងពិធីប្រពៃណីជាតិនេះ នឹងមានដាក់កងកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ប្រចាំការ២៤ម៉ោង នៅគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការពារ និងអន្តរាគមន៍ចំពោះការកើតមានឡើងនូវ បញ្ហាអសន្តិសុខផ្សេងៗ។
មហាសង្រ្កានឆ្នាំថ្មី ឆ្នាំនេះ នឹងចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ខែមេសា វេលាម៉ោង៣និង១២នាទីយប់ ដែលជាការប្តូរវេនពីឆ្នាំវក ចូលឆ្នាំរកា តាមដំណើរចន្ទគតិ។
រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៃពិធីបុណ្យប្រពៃណីជាតិ សាលារាជធានី ភ្នំពេញ បានរៀបចំសង្រ្កានទទួលទេវតា ឆ្នាំថ្មី នៅរមណី យដ្ឋានវត្តភ្នំ ជាមួយនឹងការរៀបចំឲ្យមាននូវ ល្បែងប្រជាប្រិយខ្មែរចំនួន១៦ប្រភេទ ដើម្បីបង្កលក្ខណៈជូនពលរដ្ឋក្នុងរាជធានីដែលមិនបានចាកចេញទៅស្រុកកំណើត និងទេសចរបរទេសចូលរួមលេងកម្សាន្តសប្បាយ។
ទន្ទឹមគ្នានេះ កម្លាំងចម្រុះ ក៏នឹងត្រូវដាក់ពង្រាយនៅតាមគោលសំខាន់ៗមានដូចជា៖ ទីវត្តអារាម រមណីយដ្ឋាន សួនកម្សាន្ត ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រនេះ គណៈអភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីសាលារាជធានីភ្នំពេញ បានធ្វើពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ដើម្បីបួងសួងសុំពរជ័យ សេចក្តីសុខ ភាពចម្រុងចម្រើន ពីទេវតា ព្រះនាម កិមិរាទេវី ដែលយាងចុះមកថែរក្សាទឹកដី និងមនុស្សលោក។ ជាមួយគ្នានេះ ក៏បានធ្វើពិធីប្រគេនទេយ្យទានដល់ព្រះ សង្ឃដើម្បីឧទ្ទិសមគ្គផលដល់ដួងវិញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ ក្នុងបុព្វហេតុជាតិមាតុភូមិ៕ សំរិត