ភ្នំពេញ: ទីបំផុតជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក២នាក់ដែលបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ ដែលជាគូស្នេហ៍ថ្មីរបស់ស្ត្រីជាអតីតប្រពន្ធ និងជាមិត្តរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចព្យាយាមគេចខ្លួននោះ តែត្រូវបាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានម្នាក់ហើយ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ក្នុងថ្ងៃកើតហេតុ បន្ទាប់ពីជនស ង្ស័យជាជនដៃដល់បង្កហេតុរួចទៅទៅសម្ងំលាក់ខ្លួននៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ រីឯបក្ខពួកម្នាក់ ទៀតដែលរួមដៃជាមួយជនដៃដល់កំពុងគេចខ្លួននៅឡើយ ។
មន្រី្តនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថាជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈិត ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជាអតិតប្តីរបស់ស្រី្តឈ្មោះ ខុម ស្រីលក្ខណ៍ អាយុ២៧ឆ្នាំ។ចំណែកជនរងគ្រោះដែលជនសង្ស័យចាក់ឲ្យរបួសមានឈ្មោះ កែវ លក្ខិណា ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាប្តីក្រោយរបស់ស្រី្តឈ្មោះ ខុម ស្រីលក្ខណ៍និងត្រូវជាមិត្តភក្តិរបស់ឈ្មោះ ឈិត ដារ៉ូ ។
សមត្ថកិច្ចបន្តថា មុននឹងកើតហេតុការណ៍នេះកើតឡើង ជនដៃដល់ និងស្ត្រីគឺជាអតីតប្រពន្ធតែបានលែងលះគ្នាអស់រយ:ពេលជិត១ឆ្នាំមកហើយ។ ក្រោយពីបែកគ្នាហើយនោះ ស្ត្រីជាអតីតប្រពន្ធ បានមកទាក់ទងគ្នាជាមួយនឹងជនរងគ្រោះឈ្មោះកែវ លក្ខិណា ខាងលើ ហើយនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នាំ២០១៧ ដោយសារតែខឹងនឹងស្ត្រីជាប្រពន្ធទៅស្រឡាញ់មិត្តភក្តិខ្លួននោះ ជនសង្ស័យឈ្មោះ ឈិត ដារ៉ូ ក៏ទៅបបួលបក្ខពួកម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពយកកូនកាំបិត ចាក់ជនរងគ្រោះ គ្រាដែលកំពុងដេកក្នុងបន្ទប់ជាមួយអតិតប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់រួចគេចខ្លួនបាត់តែម្តងគ្រាដែលអតិតប្រពន្ធក៏រងរបួសធ្ងន់ដែរដោយសារជនដៃដល់បោចសក់ទាញទៅបោកក្បាលនឹងជញ្ជាំង ។ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ដែលរឿងហេតុដំបូងនេះគេនឹកស្មានថា ជារឿងប្រពន្ធផិតប្តីនាំសហាយមកដេកដល់ផ្ទះហើយត្រូវប្តីតាមទាន់ តែការពិត អតិតប្តីប្រពន្ធពីរនាក់នេះលែងលះគ្នាជាងមួយឆ្នាំមកហើយ ទើបស្រី្តជាប្រពន្ធហ៊ានទៅយកជនរងគ្រោះធ្វើជាប្តីទី២។
ប្រភពដដែលបានបន្តថាក្រោយកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនឹងនគរបាលខណ្ឌដូនពេញ ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រួចនាំខ្លួនមកសាកសួរទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប្រាថ្នា