ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកអនុ ប្រធានទី២រដ្ឋសភា លោក លោកស្រីជា ប្រធានគណៈកម្មការ និងសមាជិកសមាជិកា រដ្ឋសភាទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងវិស្សម កាលកន្លងមកនេះ ។

ព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរនិងថ្លែងអំណរគុណនេះក្នុងឱកាស បើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំ រដ្ឋសភាលើកទី៨ នីតិកាលទី៥កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅវិមានរដ្ឋ សភា ។

ព្រះរាជសារនេះបានបញ្ជាក់ថា «ការ ខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម និងលោកជំទាវ សមាជិក សមាជិកានៃរដ្ឋ សភាគ្រប់រូបជាសកម្មភាពបម្រើប្រជាពលរដ្ឋ ជាតំណាងប្រជាពលរដ្ឋម្ចាស់ឆ្នោត បានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាដល់ប្រជារាស្ត្រនៅតាមមូលដ្ឋាន ព្រមទាំងទទួលយក បញ្ហា កង្វល់ និងការលំបាកទាំងឡាយរបស់ ប្រជារាស្ត្រមកជម្រាបជូនរាជរដ្ឋាបាល ដើម្បីរិះរកវិធានការដោះស្រាយរាល់បញ្ហាទាំងនោះ ។

សង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តមជា តំណាងប្រជាពលរដ្ឋខ្មែរទាំងមូលនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម ចំពោះមុខបន្តទៀតដើម្បីសម្រេចឱ្យបាន ទិសដៅរួមជាជំហានៗធានាបាននូវសង្គមកម្ពុជាមួយប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិ សុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយនេះ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ គឺការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនយូរអង្វែង»។

ព្រះរាជសាររបស់ព្រះករុណាសង្កត់ធ្ងន់ ថា ព្រះករុណាសង្កេតឃើញថា រយៈកាលកន្លងមកនេះរដ្ឋសភានិងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យ សុខាភិបាល អប់រំ និងសង្គមកិច្ចដោយបាន បង្កើនថវិកាជាតិយ៉ាងច្រើននៅក្នុងឆ្នាំ ២០១៧នេះ។ ការវិនិយោគជាមួយវិស័យ សិក្សាធិការ និងសុខាភិបាលគឺជាការវិនិយោគដ៏ល្អមួយ ព្រោះការសិក្សានិងគ្រួសារ ជាមូលដ្ឋានគ្រឹះដ៏គង់វង្សរបស់ប្រទេស ជាតិយើង ។

ព្រះករុណាក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅផងដែរចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ និងសង្គម សន្តិភាព និងសន្តិសុខផ្ទៃក្នុង និងគ្រប់គ្រងសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាសម្រេចបាន អត្រាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រកម្រិតខ្ពស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ៕ ហេង សូរិយា

king-j-143


ចែករំលែក៖