ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីមានហេតុការណ៍សត្វដំរីជាន់មនុស្សស្លាប់ដែលជាម្ចាស់សត្វដំរីនៅចំណុចអូររមីសស្ថិតក្នុង ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ រហូត មកដល់ម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងប្រដាប់អាវុធមាននគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរួមទាំងអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរ បរិស្ថានខេត្ត និងប្រជាពលរដ្ឋបានចាត់វិធាន ការទប់ស្កាត់សកម្មភាពដំរីចុះប្រេងដែលបានអុកឡុកផ្ទះអ្នកភូមិជនជាតិដើមភាគ តិចដោយការប្រើកាំជ្រួញបាញ់ឡើងលើ និងដុតភ្នក់ភ្លើងដើម្បីបញ្ឆោតនិងបង្ការកុំឲ្យ ដំរីចូលក្នុងភូមិវិញ ។
ជាវិធានការបន្ទាន់ដើម្បីទប់ស្កាត់សកម្ម ភាពសត្វដំរីឈ្មោលដែលចុះប្រេងនោះ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នង់ការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចំនួន២គ្រឿងចូលទៅស្វែងរកសត្វដំរីដើម្បីបញ្ឆោតនិងបង្អាក់សកម្មភាពអុកឡុក ផ្ទះប្រជាពលរដ្ឋ ព្រមជាមួយនឹងការរង់ចាំ មន្រ្តីជំនាញមកបាញ់ថ្នាំសណ្ដំ។ ប៉ុន្តែការ ចូលទៅរុករកមិនបានប៉ុន្មាននាទីផងក៏ត្រូវសត្វដំរីចេញពីក្នុងព្រៃរត់សំដៅទៅព្រិច (ឈ្មុស)ដោយប្រើភ្លុកបុករថយន្តពន្លត់ អគ្គិភ័យពីខាងក្រោយបណ្ដាលឲ្យរងការ ខូចខាត។ ភ្លាមនោះសមត្ថកិច្ចបានផ្ទុះអាវុធ ឡើងលើជាច្រើនគ្រាប់ទើបសត្វដំរីនោះរត់ចូលទៅក្នុងព្រៃវិញ ។
ខណៈសត្វដំរីរត់ចូលទៅក្នុងព្រៃបាត់ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះទៅទីធ្លាសាលារៀនដែលមានសុវត្ថិភាព និងមានការយាមកាមពីកម្លាំងកងរាជអាវុធហត្ថខេត្ត។ មួយសន្ទុះក្រោយមកនៅ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ សត្វដំរីឈ្មោលដែលចុះប្រេងរួមជាមួយនឹងដំរីញី១ក្បាលនេះបានចេញពីក្នុងព្រៃវិញ ក៏ត្រូវកម្លាំងនគរបាលបាញ់សំដៅជើង ខាងមុខទាំង២បណ្ដាលឲ្យរងរបួសដើរទៅមុខលែងរួចក៏នៅសំងំខាងមុខផ្ទះប្រជា ពលរដ្ឋតែម្ដង ៕ ហេង នរិន្ទ្រ