ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានរៀបចំការសម្ដែងរបាំត្រុដិសម្រាប់អបអរសាទរ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមអបរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលនឹងឈានមកដល់នៅពេល ខាងមុខនេះ នាព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ព្រមទាំងមន្រ្តីរាជការ ក្រោម ឱវាទក្រសួងព័ត៌មានទាំងអស់បានរៀបចំ ពិធីសម្ដែងរបាំត្រុដិដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីក ចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុងការងារសម្រាប់ឆ្នាំថ្មី។

តាមការសិក្សាអំពីប្រវត្តិររបាំត្រុដិនេះបានឱ្យដឹងថា របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងចំណោម របាំប្រពៃណីរបស់ខ្មែរ ដែលតាមជំនឿបាន បង្ហាញថា ការសម្ដែងរបាំត្រុដិនេះឡើងគឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី។

ជាមួយគ្នានេះរបាំត្រុដិនេះមានដើម កំណើតមកពីខេត្តសៀមរាប ហើយការ សម្ដែងរបាំត្រុដិនាពេលចូលឆ្នាំថ្មីគឺគេត្រូវកំណត់យកដំណើរផ្តាច់ឆ្នាំនីមួយៗដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយធ្វើការប្រសិទ្ធពរស័ព្ទ សាធុ ការក្នុងឱកាសឆ្នាំថ្មីវិញ។ ជាមួយគ្នានេះ ក្នុងការសម្ដែងរបាំត្រុដិនេះ គឺមានតួអង្គ សត្វប្រើស ដែលតាមទំនាយពីដូនតា មកនៅពេលដែលសត្វប្រើសចូលភូមិ នឹងធ្វើឱចង្រៃ ហើយត្រូវរួមគ្នាកម្ចាត់សត្វនេះចេញបន្ទាប់មកមានតួអង្គដូចជាព្រានព្រៃ សត្វក្ងោក ទន្សោង យក្ស និងព្រាយ បានរួមគ្នាតាមប្រមាញ់ សម្លាប់សត្វ ប្រើស ឱ្យចេញពីភូមិស្រុក ដើម្បីឱ្យមានសេចក្ដី សុខ និងសិរីសួស្ដីកើតមានឡើង។

សូមបញ្ជាក់ថា តាមរយៈការសម្តែង របាំនេះធ្វើឱ្យប្រជាពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថា ពួកគេនឹងទទួលបាននូវភាព សប្បាយរីករាយនៅពេលដែលមានអ្នក រាំរបាំត្រុដិបានចូលទៅដល់មុខផ្ទះ ឬក្នុង ភូមិ ស្រុកនិងតាមទីកន្លែងផ្សេងៗទៀត ខណៈពេលដែលពួកគាត់មានជំនឿប្រកបដោយក្តីសង្ឃឹមក្នុងឆ្នាំថ្មីនេះថា នឹងមាន សុភមង្គលលាភសក្ការនឹងកើតមានដល់នៅក្នុងក្រុមគ្រួសារឬក្នុងភូមិ-ស្រុកនិង តាមក្រសួងស្ថាប័នរបស់ខ្លួនជាក់មិនខាន៕ ហេង សូរិយា

135

136


ចែករំលែក៖