ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេចខ្លួន២ថ្ងៃ ម្ចាស់រកឃើញមុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូយុវជនម្នាក់ ខណៈទុកមុខបន្ទប់ហើយទៅធ្វើការបាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ បន្ទប់ជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ជនសង្ស័យបានគេចខ្លួនអស់រយះពល២ថ្ងៃ ដោយសារតែម្ចាស់ម៉ូតូសួរអ្នកជិះខាងដឹងថា ជនសង្ស័យជាអ្នកទៅ ទើបតាមរកមុខចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជនសង្ស័យឈ្មោះ ផាន់ ពេជ្យ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះ ធួក ប៊ុនថេត អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៌ស ស៊េរី ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 0997 លេខតួ និងម៉ាស៊ីនមិនចាំ ។

តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ធួក ប៊ុនថេត បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ូតូរបស់ខ្លួនធាក់មិនឆេះ ពេលនោះខ្លួនបានយកម៉ូតូនៅទុកនៅមុខបន្ទប់ជួលរបស់ខ្លួន រួចខ្លួនបានដើរទៅធ្វើការ លុះដល់ម៉ោង១៦និង៣០នាទីខ្លួន បានត្រឡប់មកពីធ្វើការវិញ ដល់បន្ទប់ជួលស្រាប់តែបាត់ម៉ូតូ។

ក្រោយមកខ្លួនបានទៅសួរ ឈ្មោះ ច័ន្ទ តារា ជាអ្នកមើលការខុសត្រូវបន្ទប់ជួល ទើបដឹងថា ម៉ូតូត្រូវឈ្មោះ ផាន់ ពេជ្យពន្លឺជាអ្នកយកម៉ូតូរបស់ខ្លួន។

លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១និង៤០នាទី ទើបជនរងគ្រោះបាននាំខ្លួនឈ្មោះ ផាន់ ពេជ្យពន្លឺ មកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ហើយបានដាក់ពាក្យបណ្តឹងប្តឹងទៅលើឈ្មោះ ផាន់ ពេជ្យពន្លឺ ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍កាកាបកសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ

image1

 


ចែករំលែក៖