ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រូវគេចាប់ញាតិចូលក្នុងឡានទំនើបរួចបើកយកទៅបាត់១យប់ បង្កការភ្ញាក់ផ្អើលផ្អើលពេញមួយផ្សារប៉ាហ៊ីតែម្តង ដោយគេនឹកស្មានតែជារឿងប្រពន្ធដើម និងប្រពន្ធចុងរបស់មន្ត្រីគយច្រកសំពៅលូនខេត្តបាត់ដំបងម្នាក់ ឈ្លោះប្រកែកគ្នា ។
សេចក្តីរាយការណ៍ឲ្យដឹងថា ស្ត្រីម្នាក់ភ័យញាក់សាច់ ដោយធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកលក់ និងស្ទះចរាចរណ៍រយៈពេលខ្លី ដោយសារតែស្ត្រីម្នាក់នោះ ដែលគេស្គាល់ថា ជាប្រពន្ធរបស់មន្ត្រីគយ ប្រចាំការនៅច្រកសំពៅលូន ខេត្តបាត់ដំបង បានបើករថយន្តទំនើបមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ចូលទៅចតខាងជើងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី រួចចុះពីលើរថយន្តដើរចូលទៅចាប់ក្របួចកអាវស្ត្រីវ័យក្មេងម្នាក់ ក្នុងផ្សារត្រី បង្ខំឲ្យចូលទៅក្នុងរថយន្ត បន្ទាប់មកបើករថយន្តចេញដំណើរទៅទិសដៅខាងកើតបាត់ស្រមោលតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងជើងផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ ជាដំបូងគេឃើញស្រ្តីពីរនាក់ជិះរថយន្តទំនើបមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-7683 មកឈប់ចតនៅខាងជើងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី រួចនាំគ្នាចុះពីលើរថយន្តដើរចូលទៅក្នុងផ្សារត្រី ដែលទើបនឹងសាងសង់ថ្មី ហើយក៏ចាប់ស្ត្រីវ័យក្មេងម្នាក់ ដោយយកកាំភ្លើងខ្លីមួយដើមបង្ហាញស្ត្រីរងគ្រោះផង រួចវាយបញ្ចូលទៅក្នុងរថយន្តធ្វើឲ្យអ្នកលក់ដូរ តាមដងផ្លូវ និងក្នុងផ្សារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែពួកគេបានត្រឹមឈរមើល មិនហ៊ានចូលជួយអន្តរាគមន៍នោះទេ ។
ប្រភពព័ត៌មានបន្តថា៖ បន្ទាប់ពីបង្កការភ្ញាក់ផ្អើលនោះដែរ ក៏មានស្ត្រីម្នាក់ បានទៅហៅម្ចាស់ផ្សារត្រី មកជួយអន្តរាគមន៍ តែត្រូវបានអ្នកមកហៅនោះនិយាយថា ស្រ្តីដែលមកចាប់ស្រ្តីរងគ្រោះមានកាំភ្លើងនៅនឹងខ្លួន ។ ពេលនោះម្ចាស់ផ្សារ បានមកជួយសម្របសម្រួល ផងដែរ តែគេមិនដឹងថា តើស្រ្តីដែលមកចាប់ស្ត្រីរងគ្រោះយកទៅធ្វើអ្វីនោះឡើយ ? គ្រាន់តែដឹងថា ក្រោយពេលកើតហេតុមួយយប់ ស្ត្រីរងគ្រោះហាកបីដូចជាត្រូវគេប្រើអំពើហិង្សាលើខ្លូន ព្រោះតែខ្លួនប្រាណ មានសភាពស្លេកស្លាំងខុសធម្មតា មិនហ៊ានហាស្តីជាមួយនរណានោះឡើយ សូម្បីតែអ្នកដែលជិតស្និទ្ធ ។
តាមប្រភពព័ត៌មាន បន្តទៀតថា៖ ក្នុងពេលកើតហេតុ គេមិនដឹងថា តើម្ចាស់ផ្សារ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដែរឬយ៉ាងណានោះទេ តែបើតាមអ្នកយកព័ត៌មានប្រចាំការនៅខេត្តប៉ៃលិន បានទំនាក់ទំនងតាមទូរស័ព្ទទៅលោក លឹម វាសនា អធិការក្រុងប៉ៃលិន និងលោក ហុង ដារ៉ា មេបញ្ជាការអាវុធក្រុងប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសាថា រូបគាត់ទាំងពីរមិនបានដឹងនោះទេ តែក្រោយកើតហេតុមួយថ្ងៃ ទើបលោកបានដឹងព័ត៌មាន ហើយលោកបញ្ជាក់ថា ជាទូទៅម្ចាស់ផ្សារខាងលើ ឲ្យតែមានហេតុការណ៍កើតឡើង គឺគេមិនសូវទំនាក់ទំនងជាមួយសមត្ថកិច្ចនោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី ណុប សេរីយុទ្ធ ស្នងការរងទទួលផ្នែកសន្តិសុខផ្ទៃក្នុង បានឲ្យដឹងថា៖ ករណីខាងលើ លោកបានទទួលព័ត៌មានហើយ ព្រមទាំងបញ្ជាឲ្យសមត្ថកិច្ចមូលដ្ឋាន និងស្នងការចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនបង្កផងដែរ តែលោកមិនដឹងថា តើជនដៃដល់ប្រើប្រាស់អាវុធ ឬយ៉ាងណានោះទេ កំពុងស៊ើបអង្កេត ។
លោក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសាថា៖ ករណីខាងលើ ខាងជំនាញលោកបានហៅស្ត្រីរងគ្រោះមកសាកសួររួចរាល់ហើយ ដោយស្ត្រីរងគ្រោះមានឈ្មោះ ដេង ស្រីល័ក្ខ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ មកលក់ដូរនៅខេត្តប៉ៃលិន ទើបបាន២ទៅ៣ខែប៉ុណ្ណោះ ហើយបើតាមការឆ្លើយរបស់នារីរងគ្រោះថា ជារឿងបងប្អូនរបស់គាត់នោះទេ ហើយក៏ពុំមានការពាក់ព័ន្ធនឹងគេចាប់ ឬភ្ជង់កាំភ្លើង ឬពាក់ព័ន្ធនឹងយកប្តីគេនោះដែរ ៕ ស សារ៉េត