ខេត្តបន្ទាយមានជ័យ៖ បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត មានឈ្មោះ ឈាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានក្រសួងមហាផ្ទៃធ្វើលិខិតបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះហើយ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងទៀតថា ជនបង្ក ឈ្មោះឈាន ពិសិដ្ឋ បានរត់គេចខ្លួនបាត់ហើយ ខណៈដែលសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន ក្រោយពីឈ្មោះ ឈាន ពិសិដ្ឋ បានប្រើអំពើហិង្សាយកកាំភ្លើងខ្លីបាញ់សំដៅទៅមន្រ្តីគរបាលអន្តោប្រវេសន៍ម្នាក់មានតួនាទីជានាយផ្នែករដ្ឋបាលឈ្មោះ សេម មករា ភេទប្រុស អាយុ៤៧ឆ្នាំ ដែលបំរើការងារក្នុងអង្គភាពជាមួយគ្នា បាញ់គំរាមផ្តាច់ជីវិត តែសំណាងល្អគ្រាប់កាំភ្លើងបានរត់ត្រូវចំស្មាខាងស្តាំជនរងគ្រោះបណ្តាលឱ្យដាច់សក្តិលើស្មា និងរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។
អំពើហិង្សារវាងនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ខាងលើ ជាមួយនាយផ្នែករដ្ឋបាលនៅអង្គភាពជាមួយគ្នាបើតាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ចមូលហេតុផ្តើមឡើងមកពីកូនចៅឈ្មោះ ឈាន ពិសិដ្ឋ និងកូនចៅលោក សេម មករា ឈ្លោះគ្នាហើយរាលដាលដល់មេកើយតែម្តង ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅការិយាល័យប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីអំពើហិង្សាមួយកើតឡើង បង្កដោយឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតពាក់សក្តិ៤ បានប្រើប្រាស់កាំភ្លើងម៉ាកប៉េអាកុលបាញ់ទៅលើឈ្មោះ សេម មករា មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត មានតួនាទីជានាយផ្នែករដ្ឋបាល បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ដែលបានទៅបំពេញបែបបទលិខិតឆ្លងដែន ។ ការបាញ់ប្រហារនោះមិនបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតនោះឡើយ គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។ ការប្រើប្រាស់អំពើហិង្សានោះមុនដំបូងផ្តើមចេញពីកូនចៅលោក ឈាន ពិសិដ្ឋ ដែលបំពេញកិច្ចការងារវាយប្រថាប់ត្រាលើលិខិតឆ្លងដែន បានជេរប្រមាថទៅលើកូនចៅ លោក សេម មករា ដែលបានកាន់លិខិតឆ្លងដែនឱ្យកូនចៅលោក ឈាន ពិសិដ្ឋវាយ ប្រថាប់ត្រាលើលិខិតឆ្លងដែន ហើយកូនចៅលោក សេម មករា បានរងការជេរដៀលពីកូនចៅ លោក ឈាន ពិសិដ្ឋ ថាអាខ្ញុំកញ្ជៈគេ។នៅពេលនោះកូនចៅលោក សេម មករា ឭបែបនោះ ក៏ខឹងហើយជេរម៉ែកូនចៅ ឈាន ពិសិដ្ឋ និងបានស្ទុះរកវាយគ្នា។នៅពេលនោះ ឈាន ពិសិដ្ឋ បានចេញពីក្នុងបន្ទប់របស់ខ្លួន ហើយស្រែកគំរាមថាអាណាគេមកឡូឡានៅទីនោះ។
សេចក្តីរាការណ៍ឱ្យដឹងទៀតថា បន្ទាប់ពីមានបញ្ហាបែបនោះហើយ នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ក៏បានឱ្យលោក សេម មករា ដែលជានាយផ្នែករដ្ឋបាលកោះហៅពួកគេទាំង២នាក់ដែលឈ្លោះគ្នាមកស្របសម្រួលនៅក្នុងបន្ទប់រដ្ឋបាល ។ ស្រាប់តែបន្តិចមក បានលេចមុខឈ្មោះ ឈាន ពិសិដ្ឋ ដើរសំដៅមកបន្ទប់លោក សេម មករា ដែលជាជនរងគ្រោះ ហើយឈ្មោះ ឈាន ពិសិដ្ឋ ស្រែកសំឡុតទាញកាំភ្លើងខ្លីរកបាញ់លោក សែម មករា ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្ថិ៍ចេញមកសួរនាំថា មានរឿងអី ។ នៅពេលនោះស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ទាញកាំភ្លើងខ្លីបាញ់ពីក្រោយ ឈ្មោះ សេម មករា មួយគ្រាប់ បណ្តាលឱ្យត្រូវចំសក្តិពាក់ស្មាខាងឆ្វេងដាច់ត្បិលជ្រុះលើដី រំពេចនោះលោក ស៊ឹម សំអាត នាយប៉ុស្តិ៍ និងនគរបាលអន្តោប្រវេសន៍មួយចំនួនទៀត ចូលទៅចាប់កាំភ្លើងខ្លីពីឈ្មោះ ឈាន ពិសិដ្ឋ ហើយបន្ទាប់មកនគរបាលអន្តោប្រវេសន៍ម្នាក់បានរំដោះឈ្មោះ ឈាន ពិសិដ្ឋ ដឹកតាមម៉ូតូគេចខ្លួនបាត់។នៅកន្លែងកើតហេតុសមត្ថកិច្ចចុះត្រួតពិនិត្យ រកឃើញគាំភ្លើងម៉ាកប៉េអាកុល១ដើមគ្រាប់៤គ្រាប់ និងសំបកកាទុស១ ផងដែរ ៕ សំ វិច្ឆិកា