ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តដឹកដំឡូងបង្កប់ឈើប្រណីតមួយគ្រឿងប្រគល់ឲ្យមន្រ្តីមេព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបរថយន្តដឹកដំឡូងមីបង្កប់ ឈើប្រណីតប្រភេទធ្នង់មួយគ្រឿងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃ៩ ខែ មេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេ បញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែងបាន ឲ្យដឹងថា ស្ថិតក្រោមការស៊ើបអង្កេតរបស់ ភ្នាក់ងារកងរាជអាវុធហត្ថ និងតាមដានរាល់សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ទើបកម្លាំងបានចុះឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកដំឡូងតែបង្កប់ឈើប្រណីត ចេញពីភូមិចំការលើក្នុង ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ។ លោកបន្តថា បន្ទាប់ពី កម្លាំងកងរាជអាវុធហត្ថចុះឃាត់រថយន្តខាងលើក្រុមតៃកុងរថយន្តបានសួរនាំមកកងរាជអាវុធហត្ថវិញ ដោយរកលិខិតបេសកកម្ម តែដោយសារមានការស៊ើបអង្កេតដឹងថារថយន្តខាងលើមានបង្កប់ឈើប្រណីត។ លោក បានបញ្ជាឲ្យកងកម្លាំងនាំយករថយន្តដឹក ដំឡូងនោះមកកាន់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថ រង់ចាំព្រឹកឡើងទើបត្រួតពិនិត្យ ។នៅព្រឹកថ្ងៃទី៩ ខែមេសា ស្ថិតក្រោមការ សម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានត្រួតពិនិត្យ និងមានការចូល រួមពីកម្លាំងរដ្ឋបាលព្រៃឈើរើបាវដំឡូង ហើយបានរកឃើញឈើប្រណីតប្រមាណជា១០០កំណាត់ ជាប្រភេទធ្នង់ទើបឃាត់ខ្លួនមនុស្ស៣នាក់ ទី១-ឈ្មោះ ជិ ស្រី ឆ្នាស ភេទស្រី អាយុ២០ឆ្នាំ (ម្ចាស់ឈើ)ជនជាតិ ខ្មែរ អ៊ិស្លាម រស់នៅភូមិត្រពាំងព្រីង សង្កាត់ ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង , ទី២ ឈ្មោះឃី ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ(តៃកុងរថយន្ត) និងទី៣ឈ្មោះ ឃី សុខឿន ភេទប្រុស អាយុ ១៧ឆ្នាំ (ព្រូរថយន្ត) អ្នកទាំងពីររស់នៅភូមិ សំពៅផុស ឃុំ ជីរោរ៍ទី២ ស្រុកត្បូង ឃ្មុំ ខេត្ត ត្បូងឃ្មុំ។

ក្រោយពីឃាត់ខ្លួននារីជាមេឈ្មួញ ម្ចាស់ឈើជនជាតិខ្មែរអ៊ិស្លាមបានឆ្លើយថា ឈើទាំងនោះពិតជារបស់ខ្លួនទិញពីអ្នកដឹកតាមម៉ូតូយកមកលក់ បង្កប់ក្រោមបាវដំឡូងដឹកទៅច្រកវ៉ាលីស្រុកស្នួល ខេត្តក្រចេះ ។

លោក ភុយ ខ្វៃ ប្រធានការិយាល័យ ព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង៣ នាក់កំពុងស្ថិតក្រោមការសាកសួរពាក់ព័ន្ធ ក្នុងសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដែលគ្មានលិខិតអនុញ្ញាតអាចជាប់ចោទពីបទការប្រមូល និងដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតក្នុងមាត្រាទី៩៨ស្តីពីព្រៃឈើ ។ ឈើទាំងនេះត្រូវបានយក ទៅប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត ៕ សហការី

1


ចែករំលែក៖