ខេត្តព្រៈសីហនុ ៖ អ្នកឃ្លាំមើលការ អភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់នៅ ខេត្តព្រះសីហនុ បន្តព្រួយបារម្ភខ្លាចដីព្រៃលិចទឹក ឬព្រៃកោងកាងរាប់ពាន់ហិកតា ដែលជាជម្រកត្រីសមុទ្រគ្រប់ប្រភេទបន្ត ពូជនៅមូលដ្ឋានឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុត្រូវបំផ្លាញស្ទើរហិនហោច ។
ការព្រួយបារម្ភនេះដោយពួកគេសង្កេត ឃើញមានគ្រឿងចក្រ និងរថយន្តដឹកដីធំៗជាច្រើនគ្រឿងចក្របានបន្ដដឹកដីចាក់លុប បរិវេណដី មានដុះព្រៃកោងកាង ដោយមិនឃើញអាជ្ញាធរស្ថាប័នពាក់ព័ន្ធណាមួយចេញមុខទប់ស្កាត់ ។
ពលរដ្ឋបានរិះគន់ថា ដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតាមានទីតាំងនៅភូមិព្រែក ទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ អាចនឹងក្លាយ ជាកម្មសិទ្ធិបុគ្គល និងក្រុមហ៊ុន បើប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនចេញបទបញ្ជាក្តៅជួយ ទប់ស្កាត់ឲ្យបានឆាប់ទេ។
លោកស្រី ជៀប សុធារី មន្ត្រីសម្រប សម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា ករណីចាក់ដីលុប ព្រៃកោងកាង ដុះនៅតាមឆ្នេរសមុទ្រ ឃុំ ទឹកថ្លា ស្រុកព្រៃនប់ នេះបើសម្តេចមិនចេញមុខជួយទប់ស្កាត់ឬការពារទេនឹងត្រូវរលាយហិនហោចក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
លោកស្រី សំណូមពរឲ្យប្រមុខដឹកនាំ ជួយទប់ស្កាត់សកម្មភាពរបស់ឈ្មួញ និង បុគ្គលមានទ្រព្យដែលអាចមានការឃុបឃិតណាមួយជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធមួយ ចំនួននៃរដ្ឋបាលខេត្តព្រះសីហនុបានបន្តមានមហិច្ឆតាកាន់កាប់បរិវេណដីព្រៃកោង កាងមានវិសាលភាពរាប់ពាន់ហិកតា នៅ ស្រុកព្រៃនប់ធ្វើជាកម្មសិទ្ធិឯកជន ។
ទន្ទឹមគ្នានេះ លោកស្រី សុធារី ក្នុងនាម មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម និងជា ប្រជាពលរដ្ឋម្នាក់រស់នៅយូរឆ្នាំនាខេត្តព្រះសីហនុ ស្នើឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យជួយការពារព្រៃលិចទឹកជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតានៅមូលដ្ឋានឃុំទឹកថ្លាឲ្យបានគង់វង្សដើម្បីការពារជម្រកត្រី សមុទ្រពងកូន ។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមរូបនេះសង្កេតឃើញថា ដីព្រៃលិចទឹក ឬព្រៃកោង កាងដែលនៅសេសសល់ពីការបំផ្លាញ នា ពេលកន្លង មកបច្ចុប្បន្ននេះ នៅមានបុគ្គល និងមន្ត្រីមានអំណាចមួយចំនួនមានមហិច្ឆតា ទន្ទ្រានកាន់កាប់បរិវេណព្រៃលិចទឹក ដែល នៅសេសសល់តាមឆ្នេរសមុទ្រខេត្តព្រះ សីហនុយកធ្វើកម្មសិទ្ធិឯកជនបានកើតមានជាបន្តបន្ទាប់ ។
ពលរដ្ឋរូបនេះបានបន្តថា រាល់ថ្ងៃនេះ ទោះបីពួកឈ្មួញដឹងថា ដីព្រៃលិចទឹកទាំង នោះជាដីសាធារណៈរបស់រដ្ឋបែបណាក្តី ក៏ប៉ុន្តែមាន បុគ្គល និងមន្ត្រីស្ថាប័នពាក់ព័ន្ធកំពុងបម្រីការងារក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុមួយចំនួនបានជួយសម្រួលឯកសារផ្សេងៗ ដើម្បីអាចឈានដល់ផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់ប្រព័ន្ធជូនបុគ្គល ឬក្រុមហ៊ុនឯកជនមាន សិទ្ធិកាន់កាប់ដីស្របច្បាប់បានបន្តកើតមានរហូតមកដល់ពេលនេះ ។
លោកស្រី ជៀប សុធារី ចោទសកម្មភាព របស់បុគ្គលមានទ្រព្យ ដែលអាចបន្តធ្វើ សកម្មភាពប៉ុនប៉ងរំលោភយកដីបរិវេណព្រៃលិចទឹកឬព្រៃកោងកាងកើតមានជា បន្តបន្ទាប់ នាមូលដ្ឋានខេត្តព្រះសីហនុ គឺបានអនុវត្តផ្ទុយ ឬផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដាក់បទបញ្ជា ទៅមន្ត្រីក្រោមឱវាទ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ មាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តកោះកុង ជាពិសេសតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មជាដើម ឲ្យថែរក្សាការពារដីព្រៃលិចទឹក ឬព្រៃកោង កាងឲ្យគង់វង្ស។
មន្រ្តីក្រៅរដ្ឋាភិបាលប្រចាំខេត្តព្រះ សីហនុ ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងមានការដឹកដីចាក់លុបបរិវេណដីព្រៃកោងកាងនាមូលដ្ឋានឃុំទឹកថ្លាក៏ព្រួយបារម្ភ ចំពោះសកម្មភាពបំផ្លាញព្រៃកោងកាង នា មូលដ្ឋានស្រុកព្រៃនប់និងមូលដ្ឋានផ្សេង ទៀតដែរ ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមរូបនេះ បានរិះគន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុមិន មានលទ្ធភាពជួយការពារព្រៃកោងកាង ដែល ជាជម្រកត្រីសមុទ្របន្តពូជឲ្យបាន គង់វង្ស ដោយអនុញ្ញាតឲ្យឈ្មួញ ឬបុគ្គល ឯកជនខ្លះ អាចដឹកដីចាក់លុបបរិវេណដីមានដុះព្រៃកោងកាងដើមធំៗនិង មានកម្ពស់ ចន្លោះពីបួនទៅប្រាំម៉ែត្រ នៅឃុំទឹកថ្លា បានដោយរលូន ។
មន្រ្តីដដែលបន្តថា បរិវេណដីព្រៃកោង កាងដែលជាជម្រកត្រីសមុទ្រពងកូន នាមូល ដ្ឋានជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ទោះ ក្រោមរូបភាពណាក៏ដោយ មិនគួរ គប្បីរដ្ឋបាលខេត្តនេះឃុបឃិត ឬជួយ សម្រួលឯកសារផ្លូវច្បាប់ជូនក្រុមហ៊ុន ឬ បុគ្គលមានទ្រព្យ បំផ្លាញធនធានធម្មជាតិ នៅលើដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិនោះទេ ។
ត្រង់ចំណុចនេះ មន្ត្រីអង្គកាខេត្តព្រះ សីហនុបានទទូចដល់សម្តេច ជួយថែរក្សាការពារដីព្រៃកោងកាងរាប់ពាន់ហិកតា នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ដែលនៅសេសសល់ពីការឃុបឃិតរំលោភធ្វើកម្មសិទ្ធិឯកជនឲ្យបានទាន់ពេល ព្រោះគេសង្កេតឃើញ ថា បច្ចុប្បន្ននេះ ដីព្រៃកោងកាង ឬធនធាន ធម្មជាតិព្រៃលិចទឹក ដែលនៅសេសសល់ មួយចំនួន នៅស្រុកព្រៃនប់ កំពុងប្រឈមនឹងការបំផ្លាញនិងហិនហោចក្នុងពេល ដ៏ឆាប់ខាងមុខ។
ទាក់ទងបញ្ហានេះ លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានឲ្យដឹងថា កន្លងមកបរិវេណដី ព្រៃ កោងកាងមួយចំនួន ស្ថិតក្នុងភូមិព្រែក ទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ពិតជាមានសកម្មភាពរថយន្តដឹកដីធំៗ ជាច្រើនគ្រឿងចាក់លុបលើដីព្រៃកោងកាងពិតមែន។ លោកបន្តថា ករណីនេះរូបលោកក៏បានផ្តល់ព័ត៌មានជូនថ្នាក់ដឹកនាំខេត្តព្រះសីហនុ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីជួយមានវិធានការបន្ត ព្រោះមន្ត្រីជំនាញរបស់លោកមិន មានលទ្ធភាពទប់ស្កាត់ទេ គឺបានត្រឹមស្នើ សុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីផ្អាកសកម្មភាពដឹកដីចាក់លុបដីព្រៃលិចទឹកជា បណ្តោះអាសន្នតែប៉ុណ្ណោះ។
បញ្ហានេះដែរ លោក ទិត្យ វុទ្ធី អភិបាល ស្រុកព្រៃនប់បញ្ជាក់ថាពិតជាមានសកម្មភាពដឹកដីចាក់លុបដីព្រៃកោងកាង មាន ទីតាំងនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ពិត ប្រាកដមែននាពេលកន្លងមក ។ លោកបន្ត ថា ករណីនេះក្រុមឈ្មួញដឹកដីចាក់លុបដីបរិវេណដីព្រៃកោងកាងទាំងនោះ បាន អះអាងថា ពួកគេមានលិខិតអនុញ្ញាត ឬច្បាប់ដឹកដីចាក់លុបដីព្រៃកោងកាងនាមូលដ្ឋានឃុំទឹកថ្លាពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រះសីហនុដោយស្របច្បាប់។
លោក ទិត្យ វុទ្ធី បន្ថែមថា ករណីមាន រថយន្តដឹកដី របស់ក្រុមហ៊ុនដឹកដីចាក់លុប បរិវេណដីមានដុះព្រៃកោងកាង ឬព្រៃលិចទឹកនាមូលដ្ឋានស្រុកព្រៃនប់ វាហួសពី សមត្ថកិច្ចរបស់ថ្នាក់ស្រុកត្រូវដោះស្រាយ គឺមានតែរដ្ឋបាលខេត្តនិងថ្នាក់ដឹកនាំថ្នាក់ជាតិ ពិសេសប្រមុខដឹកនាំទើបដោះស្រាយ មានប្រសិទ្ធភាព។
គួររំឭកថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតជម្រាបជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយ ផ្តោតសំខាន់ទៅលើចំណុចនិរាករណ៍ ឬដកហូតបណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង លិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីររៀបចំដែនដីនគរូបនីយ កម្ម សំណង់ និងសុរិយោដី និងអាជ្ញាធរដែនដីខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ មានខេត្ត កែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្ត កោះ កុង ដែលជាប់ពាក់ព័ន្ធជាន់គ្នាទៅលើដីបរិ វេណព្រៃកោងកាងឬព្រៃលិចទឹក ។
ទោះជាយ៉ាងនេះក្តីសាធារណជនទូទៅសង្កេតឃើញថា បរិវេណដីព្រៃលិចទឹក ឬដីព្រៃកោងកាង រាប់ពាន់ហិកតា ដែលដុះនៅតាមខេត្តជាប់ឆ្នេរសមុទ្រមួយចំនួន មានខេត្តព្រះសីហនុជាដើមត្រូវបុគ្គលមានទ្រព្យ និងមន្ត្រីនៅតាមស្ថាប័នរដ្ឋខ្លះបានឃុប ឃិត និងបន្តមានមហិច្ឆតារំលោភយកបរិ វេណដីព្រៃកោងកាងទាំងនោះដោយមិនខ្វល់ទៅនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យថែរក្សាបរិវេណដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រខេត្តទាំង៤ឲ្យគង់វង្សនោះទេ ៕ ឆ្លាមសមុទ្រ