ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់ឌុបម្នាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លី និងកាំបិតបានមកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីបុរសអ្នក រត់ម៉ូតូឌុបម្នាក់ទាំងព្រឹក ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាពកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវលំស្ថិតនៅក្បែរវត្តគោកបញ្ជាន់ ក្នុងភូមិថ្ម គោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ លុះរយៈពេលជាង ៥ម៉ោងក្រោយមកទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយស្រាវជ្រាវរកជន សង្ស័យ ។

បុរសដែលជាជនរងគ្រោះខាងលើ ឈ្មោះ ប៉ែន ចន្ធូ អាយុ២៩ឆ្នាំ មុខរបរកម្មករ សំណង់និងរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង បាត់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1SG-1712 រួមជាមួយកាបូបដែលមានលុយ១០០ដុល្លារ, អត្ត សញ្ញាណប័ណ្ណ១សន្លឹក និងកាតគ្រីម៉ូតូ១ សន្លឹក ។

បុរសរងគ្រោះបានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុខ្លួនបានដឹកម៉ូយម្នាក់ចេញពីផ្លូវណតប្រ៊ីដកែងនឹងផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យឆ្ពោះទៅកាន់ ភូមិថ្មគោល សង្កាត់ចោមចៅក្នុងតម្លៃ ៨.០០០រៀលដោយខ្លួនមិនបានដឹងថា ជន នោះគឺជាចោរនោះឡើយ។ លុះពេលទៅដល់ពាក់កណ្ដាលផ្លូវជនសង្ស័យម្នាក់នោះ បានឲ្យឈប់ទិញភេសជ្ជៈបាកាស១កំប៉ុងម្នាក់ផឹករួចទើបជិះម៉ូតូបន្តដំណើរទៅមុខ ទៀត។ ពេលទៅដល់ត្រង់ចំណុចកើតហេតុ ខាងលើជនសង្ស័យបានធ្វើជាជ្រុះមួកនិងបានឲ្យខ្លួនឈប់ម៉ូតូដើម្បីចុះទៅរើសមួក ហើយគ្រាន់តែឈប់បានបន្តិចប៉ុណ្ណោះក៏ ស្រាប់តែមានជនសង្ស័យ៣នាក់ទៀតជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស់១គ្រឿង និងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងទៅ ដល់ទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាកនិងកាំបិត ភ្ជង់គំរាមបាញ់សម្លាប់គាត់ប្លន់យកម៉ូតូ ព្រម ទាំងលូកយកកាបូបលុយ និងទូរស័ព្ទដៃ១គ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅសុំកិច្ចអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖