ខេត្តព្រះវិហារ ៖ ជនរងគ្រោះ២នាក់ត្រូវ បានជនមិនស្គាល់មុខលបបាញ់ប្រហារ ដោយកាំភ្លើងច្នៃក្រោយចេញពីវង់រាំធុង បាស់មួយកន្លែងបានប្រហែល១គីឡូម៉ែត្រ នៅភូមិកាឡោត ឃុំសង្កែ២ ស្រុកឆែប ខេត្ត ព្រះវិហារបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង ម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនដល់នៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ទោ ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែបបានឲ្យដឹងកាលពីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ថា នៅវេលា យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ មុនពេល កើតហេតុជនរងគ្រោះបានចូលរាំលេងធុងបាស់ដែលអ្នកស្រុកបានចាក់សម្រាប់រាំលេងអបអរសាទរបុណ្យចូលឆ្នាំថ្មីហើយសមត្ថកិច្ចក៏មានប្រចាំការនៅកន្លែងវង់ បាស់នោះដែរ ។
ក្រោយពីរាំលេងអស់ចិត្តជនរងគ្រោះ ទាំង២នាក់បានដើរត្រឡប់ទៅផ្ទះវិញបានចម្ងាយប្រហែល១គីឡូម៉ែត្រស្រាប់តែមានជនមិនស្គាល់មុខបានលបបាញ់សំដៅទៅលើជនរងគ្រោះទាំង២ បណ្តាលឲ្យរង របួសធ្ងន់ទាំង២នាក់។ ក្រោយឮសូរសំឡេង ផ្ទុះកាំភ្លើងកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុភ្លាមនិងបានលើកជន រងគ្រោះទាំង២យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ តែជាអកុសលដោយសាររបួសធ្ងន់ពេកធ្វើឲ្យជនរងគ្រោះម្នាក់បានស្លាប់នៅមន្ទីរពេទ្យតែម្ដង ។
លោកអធិការបានបន្តថា ជនរងគ្រោះ ទី១-ឈ្មោះ វ៉ាន់ វៃ អាយុ១៨ឆ្នាំ របួសត្រង់ ចង្កេះ និងទី២-ឈ្មោះ ឈុន រី អាយុ១៧ឆ្នាំ របួសចង្កេះ និងឆ្អឹងជំនីរ(ស្លាប់) ជនរងគ្រោះ ទាំង២ រស់នៅភូមិជោគជ័យ ឃុំសង្កែ២ ស្រុកឆែប។ ដោយឡែកកាំភ្លើងដែលជនសង្ស័យបាញ់លើជនរងគ្រោះនោះជាកាំភ្លើង កែច្នៃ ។
សាកសពជនរងគ្រោះដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ តែមន្រ្តីជំនាញបានដាក់ការសង្ស័យថា ករណីនេះជារឿងគំនុំ ៕ ហេង នរិន្ទ្រ