ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធីគ្រុប បានប្រារព្ធពិធីជប់លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ​ និងលោកគ្រូ-អ្នកគ្រូ សរុបចំនួន ១.៨៥០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។

លោក លី ឆេង បាន​ថ្លែ​ង​នូវ​ការកោតសរសើរ​ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលមកពីប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ សាលាប៊ែលធីអន្តរជាតិ ប៊ែលធីទំនាក់ទំនងអន្តរជាតិ និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានខិតខំប្រឹងប្រែង​យកអស់ ​កម្លាំង​ចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលនាំឲ្យប៊ែលធីមានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីប៊ែលធីមានតែមួយទីតាំង រហូតដល់បច្ចុប្បន្នមាន ២០ទីតាំង ក្នុងនោះ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្ពស់ ១៥ជាន់ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និង១៩ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិដែលមានកម្ពស់ ចាប់ពី ៧ជាន់ ដល់ ៩ជាន់។

លោក ក៏បានមានប្រសាសន៍បន្ថែមទៀតថា ថ្មីៗនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបើកឲ្យដំណើរការនូវការបង្រៀនជាភាសាជាតិ លើកម្មវិធីសិក្សាជាភាសាអន្តរជាតិដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត ។ ក្នុងការបង្រៀនភាសាជាតិនេះ សាកលវិទ្យាល័យក៏បានបញ្ចូលភាសាអង់គ្លេស រួមជាមួយភាសាខ្មែរផងដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ ក៏មានបើកបង្រៀនថ្នាក់គរុកោសល្យផងដែរ ដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា ហើយមានបំណង់ចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស។ ថ្នាក់គរុកោសល្យនេះ មានរយៈពេល ៦ខែ ហើយពេលសិស្ស-និស្សិតរៀនចប់ អាចយកសមត្ថភាពទៅបង្រៀនទាំងផ្នែកចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស បានដោយងាយស្រួល និងអាចចាប់អាជីពជាគ្រូបង្រៀន ដើម្បីចិញ្ចឹមជីវិតទៅថ្ងៃក្រោយផងដែរ។

សាកលវិទ្យាល័យ ក៏មានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញសំខាន់ៗ ដែលស្របជាមួយទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

១- ថ្នាក់អនុបណ្ឌិត (MASTER’S PROGRAM) មានជំនាញសំខាន់ៗដូចជា

១. អប់រំភាសាអង់គ្លេស (Master of Arts in TESOL)

២. គ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration)

៣. ពាណិជ្ជកម្មអន្តរជាតិ (Master of International Business)

៤. អភិវឌ្ឍន៍សេដ្ឋកិច្ច (Master of Economic Development)

២-ថ្នាក់បណ្ឌិត (DOCTORAL PROGRAM)មានជំនាញសំខាន់ៗដូចជា

១. រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in Educational Administration and Leadership)

២. គ្រប់គ្រងពាណិជ្ជកម្ម (PhD in Business Administration)

៣. ពាណិជ្ជកម្មអន្តរជាតិ (PhD in International Business)

ក្នុង​ឱកាស​នោះដែរ លោក លី ឆេង និងលោកស្រី ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ព្រមទាំងមានកម្មវិធីរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ ៕ ស រស្មី

 


ចែករំលែក៖