ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ជាប់​ឃុំ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ ៖ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​

ចែករំលែក៖

ភ្នំពេញ​៖ ​លោក​ គឹម​ សន្តិភាព​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​គ្មាន​ផ្តល់​ផល​ប្រយោជន៍​ណាមួយ​សោះ​ដល់​ជន​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ ។​

ការ​លើកឡើងរបស់​មន្ត្រី​ក្រសួង​យុត្តិធម៌​​នេះ​ ក្រោយ​ពី​សកម្មជន​ដីធ្លី​ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រចូលរួមក្នុងការធ្វើយុទ្ធនាការនេះ ឲ្យបានច្រើនជាងមុន ដើម្បីបង្ហាញទៅរាជ​រដ្ឋាភិបាល ក្រុម​អ្នក​តវ៉ា​អះអាងថា​ តែងតែចាប់អ្នកគ្មានកំហុសដាក់ពន្ធនាគារ។​

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ​ លោក​ គឹម​ សន្តិភាព​ នៅ​យប់​ថ្ងៃ​ទី​១៧​ ខែ​មេសា​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថា​ យុទ្ធនាការនេះគ្មានផ្តល់ផល​ប្រយោជន៍​ណាមួយសោះដល់ដល់ជនដែលកំពុងជាប់ឃុំខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់នោះទេ​ ។

លោក​ថា​ “​ ផ្ទុយទៅវិញអ្នករៀបចំ អ្នកចូលរួមក្នុងយុទ្ធនាការនេះអាចប្រឈមនឹងផ្លូវច្បាប់ប្រសិនបើយុទ្ធនាការនេះបម្រើអោយគោលដៅទុច្ចរិតណាមួយដែលច្បាប់បានកំណត់ថាជាបទល្មើស​ “​ ។​ លោក​អះអាងថា​ គ្មានជម្រើសណាមួយក្រៅពីការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះទេ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម​ ។​

លោក​ចង់​ឲ្យ​អ្នក​ទាំងនោះ​ តវ៉ា​តាម​ផ្លូវ​ច្បាប់​វិញ​ ដោយ​លោក​សរសេរ​ថា​ “​ ការតវ៉ាផ្លូវច្បាប់តាមនីតិវិធីតុលាការ នោះទើបផ្តល់ផលប្រយោជន៍ដល់ជនទាំងនោះ​ ។

គួរ​បញ្ជាក់​ថា​ ថ្ងៃ​ច័ន្ទ​ទី១៧ ខែមេសា​ ជាសប្តាហ៍ទី​៥០ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល តែងតែពាក់​អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា អ្នកតាមដានបញ្ហាសង្គម លោក គឹម សុខ សកម្មជន​បឹង​កក់​អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី​ បើ​ទោះបី​ជា​បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ រួចហើយ​ក៏​ដោយ​ ៕​ ចេស្តា


ចែករំលែក៖