ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ ជំរុញឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវអនុវត្ដវិធានការច្បាប់ចំពោះរោងចក្រ សហគ្រាសធុនតូច និងមធ្យម ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម ដែល បានបង្ករអន្ដរាយដល់មនុស្សនិងទ្រព្យសម្បត្ដិ ។
លោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានជំរុញបែបនេះ ខណៈលោកស្រី ចូលរួមជាអធិបតីបើក សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួង កាលពីថ្ងៃទី ១៨ មេសា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ ក្រសួងឧស្សា ហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដ សហការគ្នាពង្រឹង បន្ថែម ទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការ ដោះ ស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើង មួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយ សារតែការធ្វេសប្រហែសឬរំលោភបំពានច្បាប់ ។
ត្រូវបន្ដអនុវត្ដការធ្វើពិពិធកម្មឧស្សាហកម្ម និងការពង្រីកសមត្ថភាព ប្រកួតប្រជែង ក្នុងវិស័យផលិត កម្ម ឧស្សាហកម្ម ព្រមទាំងការបង្កើនផលិតភាព ដោយផ្ដល់អាទិភាពជាពិសេស ដល់ការអនុវត្ដ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥ -២០២៥ ដែលក្នុងនោះ មាន តារាងម៉ាទ្រីសជាឧបសម្ព័ន្ធ នៃគោលនយោបាយនេះដែលស្ដែងឡើងពីផែនការសកម្មភាព ។ត្រូវពង្រឹងសមត្ថភាព យន្ដការអនុវត្ដគោលនយោបាយ ដើម្បីធានាបាន ប្រសិទ្ធភាព ។
លោកស្រីបន្ដថា ៖ ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនងផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងប្រភពទីផ្សារ ។ ពិសេសបន្ដសហការជាដៃគូរល្អ ជាមួយអង្កការប្រកាសនីយ បត្រតក្កកម្ម អឺរុប និងប្រទេសមួយចំនួនទៀត ដែល មានកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នា។ ជាមួយគ្នានេះដែរ រាជរដ្ឋា ភិបាលកម្ពុជា សូមចូលរួមគាំទ្រចំពោះការចូលជាសមាជិក ទី១៥១ នៃសន្ធិសញ្ញាសហប្រតិបត្ដិការប្រកាសនីយបត្រតក្កកម្ម និងចូលជាសមាជិកទី៦៦ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៩៩ នៃកិច្ចព្រមព្រៀងទីក្រុងហេច ទាក់ទងនិងការចុះបញ្ជីគំរូឧស្សាហកម្មអន្ដរជាតិ ។
ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ៖ វិស័យឧស្សាហកម្ម នៅតែជាវិស័យអាទិភាព ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ច ខ្ពស់ ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចជាតិនៅតែរក្សាបានកំណើនក្នុងរង្វង់៧% បន្ដទៀត ដែលក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើន១១,៤% និងបានចូលរួមចំណែកតាមការប៉ាន់ស្មាន គឺមានប្រមាណជាង២៩,៥% នៃផលិតផលសរុប ក្នុងស្រុក ដោយតែអនុវត្ដវិស័យ កម្មន្ដសាល មានការ រីកចម្រើនលូតលាស់ ខ្លាំងជាងគេ ខណៈ រចនាសម្ព័ន្ធឧស្សាហកម្ម បាននិងកំពុងអភិវឌ្ឍន៏ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាកម្មប្រើប្រាស់ជំនាញ និងប្រែក្លាយខ្សែសង្វាក់ តម្លៃ និងខ្សែសង្វាក់ផលិតកម្ម មានលក្ខណៈសាមញ្ញ ទៅជាខ្សែសង្វាក់ផលិតកម្មមានតម្លៃបន្ថែម ខ្ពស់ ។
លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានបន្ដថា៖ ថ្មីៗនេះ រាជរដ្ឋាភិ បាលកម្ពុជា បាននិងកំពុងដាក់ផែនការ ឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្មអនុវត្ដលើផ្នែកគុណភាព និងវាយតម្លៃទទួល ស្គាល់ ដល់មន្ទីរពិសោធន៍នានា ដើម្បីជំរុញឲ្យមន្ទីរពិសោធន៍ នៅក្នុង ប្រទេសកម្ពុជា ផ្តល់ការវាយតម្លៃទទួលស្គាល់ប្រកប ដោយ ប្រសិទ្ធភាព លើគ្រប់ផ្នែក ស្របទៅតាមប្រទេស ជាតិដែលកំពុងអភិវឌ្ឍន៍ ៕ សំរិត