ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនទឹកដោះគោ(ធីផត)បើកបុករះម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បីហោះឡើងសួនរង្វង់មូលទើបអស់ល្បឿនទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង របស់ក្រុមហ៊ុនទឹកដោះគោ (ធីផត) បើកបរដោយយុវជនម្នាក់ លឿនដូចហោះជាន់ហ្វ្រាំងមិនស៊ីបុករះម៉ូតូ និងរឺម៉កកង់បីហើយជ្រុលចង្កូតឡើងសួនរង្វង់មូលតាព្រហ្ម សំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលតាព្រហ្ម ផ្លូវជាតិលេខ៦ ភូមិ៣សង្កាត់-ខណ្ឌជ្រោយចង្វា ។

រថយន្តបង្កម៉ាក (FRONTIER) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-7573 អ្នកបើកបរមានឈ្មោះ ឡាក់ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកឯម្ចាស់រ៉ឺម៉កកង់បីមានឈ្មោះឆេង ពៅ អាយុ៣៦ឆ្នាំ ស្នាក់សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រងរបួសស្រាល ។ រីឯម៉ូតមួយគ្រឿងទៀត ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5616 រងខូចខាតបន្តិចបន្តួច អ្នកបើកបររងរបួសស្រាល ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេញកើតហេតុ គេឃើញម៉ូតូ និងរ៉ឺម៉កកង់បីបើកបរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកបរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តបង្កបើកបរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ចាប់ហ្វ្រាំងមិនស៊ី បានបើកបុករះម៉តូ និងរ៉ឺម៉កកង់បីរួចហើយក៏ជ្រុលចង្កូតទៅមុខហោះឡើងសួនរង្វង់មូលតាព្រហ្ម តែសំណាងល្អ ក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗនោះ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបររថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយជាក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖