ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសស៊ុយអែត មកទល់ពេលនេះនៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។
ក្រោយហេតុការណ៍ភេរវកម្ម កាលពីរ សៀលថ្ងៃសុក្រទី៧ ខែមេសា នៅកណ្តាលរាជធានីស្តុកខូលប្រទេសស៊ុយអែតមក ពេលនេះប៉ូលិសបានចាប់ជនសង្ស័យម្នាក់នៅ តំបន់Mästa មិនឆ្ងាយប៉ុន្មាន ខាងជើង ក្រុងស្តុកខូល កាលពីវេលាយប់ថ្ងៃសុក្រ ដដែល។ ព្រះរាជអាជ្ញាក្រុងស្តុកខូល មិន បានបញ្ជាក់អ្វីលម្អិតច្រើនទេ អំពីអត្តសញ្ញាណរបស់ជនសង្ស័យដែលគេឃាត់ខ្លួន គ្រាន់តែ បញ្ជាក់ថា ជននេះត្រូវដាក់ឲ្យស្ថិតក្រោម នីតិវិធី ព្រហ្មទណ្ឌ ខ្ពស់បំផុត នៃបទល្មើស ឃាតកម្ម ដែលមានលក្ខណៈ ជាអំពើភេរវ កម្ម។
ជនសង្ស័យ ដែលត្រូវប៉ូលិសឃាត់ខ្លួន គឺជាបុរសជនជាតិអ៊ូបេគីស្ថាន មានអាយុ ៣៩ឆ្នាំ ហើយគឺជាអ្នកនិយមគាំទ្រទ្រឹស្តី អ៊ិស្លាមផ្តាច់ការរបស់ក្រុមជីហាដអង្គការ រដ្ឋអ៊ិស្លាម។ កាលពីយប់ថ្ងៃសុក្រនោះដែរ ទូរទស្សន៍ជាតិស៊ុយអែត បានផ្សាយថា នៅក្នុងរថយន្តបង្កហេតុ គេបានរកឃើញគ្រាប់ផ្ទុះជាច្រើនគ្រាប់។សមត្ថកិច្ចស៊ុយអែត បានធ្វើការចោទប្រកាន់ជាផ្លូវការ តែទៅលើជនសង្ស័យម្នាក់នេះប៉ុណ្ណោះ។ គេកំពុងស្រាវជ្រាវបន្ថែមទៀត បើសិនជា ជននេះ មានបក្សពួកដែលបានចូលរួម រៀបចំសកម្មភាពភេរវកម្មនេះ។ យ៉ាងណា ក៏ដោយ មកទល់ពេលនេះ នៅមិនទាន់មានបណ្តាញភេរវកម្មណាមួយចេញមុខមកអះអាងទទួលខុសត្រូវឡើយ។
សូមរំលឹកថា ជនដៃដល់ បានបើក រថយន្តកាមីញ៉ុង មួយគ្រឿង ដែលខ្លួន បានលួច ហើយបើកសំដៅបុកមនុស្សជា ច្រើននាក់ នៅតាមផ្លូវស្ថិតនៅក្នុងទីប្រជុំ ជនធំបំផុត កណ្តាលទីក្រុងស្តុកខូល។ បន្ទាប់ពីបានបុករះមនុស្សជាច្រើននាក់មក ឃាតកបានបើកទៅបំបុកនឹងកញ្ចក់ហាងទំនិញ បន្ទាប់មក៏រត់គេចខ្លួន។ មានអ្នក ស្លាប់៤នាក់ក្នុងហេតុការណ៍នេះ ហើយ ក្នុងចំណោមអ្នករបួស១៥នាក់ មាន៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕ ម៉ែវ សាធី