ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីគុកបាន៣ថ្ងៃ មកធ្វើសកម្មភាពកាច់កម៉ូតូ ម្ចាស់គេទាន់វាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីគុកបាន៣ថ្ងៃ ដោយសារលូចម៉ូតូ ហើយនៅមិនរាងចាល មកធ្វើសកម្មភាពកាច់សោ.កម៉ូតូម្តងទៀត ក៏ត្រូវម្ចាស់គេឃើញទាន់ ចាប់បាន ផ្អើលប្រជាពលរដ្ធចាប់វាយឡើងប៉ោងមុខ បែកឈាម ទើបប្រគល់ខ្លួន រួមនឹងវត្ថុតាងឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ សួរនាំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅថ្ងៃទី១៩ មេសា ២០១៧ វេលាម៉ោង១៩និង២០នាទី ចំណុចផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើមានឈ្មោះ ឈួន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះមានឈ្មោះ សរ ធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រីឯម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដារឌ្រីម ពណ៌ខ្មៅ សេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CX-0994 ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះនៅម៉ោងកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យ ដែលទើបនិងចេញពីពន្ធនាគារបាន៣ថ្ងៃ មកធ្វើសកម្មភាពកាច់សោក៏ម៉ូតូ ភា្លមនោះជនរងគ្រោះឃើញទាន់ ក៏ចាប់ឃាត់ខ្លួនបានផ្អើលដល់អ្នកជិតខាង ចេញមកព្រួតគ្នាវាយឡើងទ្រោមខ្លួន ។ ក្រោយមកជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរនាំ។

ជនសង្ស័យបាននិយាយថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖