ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០១៧ កីឡាករជើងចាស់៤នាក់បន្ថែមទៀត ត្រូវជួបប្រកួតគ្នាដណ្តើមយកកៅវគ្គ១៦នាក់ជុំទី២នៃការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ “TV5 Knock Out Series ទម្ងន់ ៦៣,៥គីឡូក្រាម” នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFY ARENA ជាការប្រកួតសប្តាហ៍ទី៣ វគ្គជម្រុះដំណាក់កាលទី១ ឆ្លងទៅដំណាក់ទី២បន្តទៀត ។
កីឡាករ ផាន់ សារ៉ែម មកពីក្លិបណេអុងជួបជាមួយ កីឡាករពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ខណៈដែលលកីឡាករប្រាក់ រស្មី មកពីក្លិប តាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ប៉ះជាមួយកីឡាករ ទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប ។ សម្រាប់ជំនួបលើកដំបូងរវាង ប្រាក់ រស្មី និងទី ពន្លែត គ្មានចម្លើយ ចំពោះលទ្ធផល ចុងក្រោយទេ ព្រោះកន្លងទៅ កីឡាករទាំង២នាក់មិនធ្លាប់មានប្រវត្តជួបគ្នាទេ។ តាមការកត់សម្គាល់ ទៅលើការប្រកួតនានារបស់ទី ពន្លែត និង ប្រាក់ រស្មី ពួកគេថ្វីដៃល្អ ត្បិតតែមិនសូវបានស្គាល់រេញច្រើនប៉ុន្មានក៏ដោយចុះ។ ទី ពន្លែត មានកលល្បិច និងស្នៀតវាយចេញល្អ ប៉ុនែ្ត ប្រាក់ រស្មី កាន់តែល្អថែមទៀត ព្រោះកាយសម្បទារបស់គេល្អជាង ទី ពន្លែត។
ដោយឡែកជំនួប រវាង ផាន់ សារ៉ែម និង ពុយ វណ្ណៈវិញ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះ ពុយ វណ្ណៈ ជាអ្នកប្រដាល់ជំនាន់ក្រោយ។ រីឯ ផាន់ សារ៉ែម អ្នកប្រដាល់ជមនាន់មុន។ ជំនួបលើកនេះគឺ ផាន់ សារ៉ែម ទំនងមិនអាចដណ្តើមយកកៅអីវគ្គ១៦នាក់ពី ពុយ វណ្ណៈបានដោយស្រួលឡើយ ពីព្រោះ វណ្ណៈ មានស្នៀតល្អ និងកម្លាំងវាយសម្រុកខ្លាំងដែរ ។ ចាំមើលតើ ផាន់ សារ៉ែម អាចយកឈ្នះ ពុយ វណ្ណះ បានឬអត់ ?
គួររំលឹកថា ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦៣,៥គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២នាក់ចូលរួមប្រកួត បានចែកចេញចំនួន៤ដំណាក់កាលដោយឆ្លងកាត់តាមរូបមន្តប្រកួត ដូចជាដំណាក់ទី១-ប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់ទី២-ជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ។ ដំណាក់កាលទី៣-ជម្រុះក្នុង៨នាក់ ទុក៤នាក់ និងដំណាក់កាលទី៤ និងទី៥ ប្រកួតដំណាក់ពាក់កណ្តាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ៕ សារីម