ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកល្វាឯម សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចេញល្បាតនៅពេលយប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចដេប៉ូប្រេងតេលាកំពង់ចម្លង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ សេង ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ ណូ សង្ហារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ។ ជនល្មើសទាំង២នាក់មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសទាំង២នាក់ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ,ម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1B-7033 និងប្រាក់រៀលចំនួន៥០០រៀល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកល្វាឯម សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈល្បាតដល់ចំណុខាងមុខដេប៉ូប្រេងតេលាក៏បានប្រទះឃើញក្រុមជនល្មើសកំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖