ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីច្រៀងខារ៉ាអូខេជាមួយប្តីដល់ខុនដូបុរីសែនសុខលោតសម្លាប់ខ្លួនចោលប្តីនិងកូន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើអត្តឃាត ស្លាប់ចោលប្តីនិងកូនគួរឲ្យសោកស្តាយ បន្ទាប់ពីសង្ស័យថាគាត់មានវិបត្តិគ្រួសារ ខណៈដែលមកពីកម្មវិធីផឹកស៊ីជាមួយមិត្តភ័ក្តិនិងច្រៀងខារ៉ាអូខេជាមួយប្តីវិញសម្រេច ចិត្តលោតពីលើខុនដូដោយមិនដឹងមូល ហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅខុនដូលេខ០៧.០៩បុរីសែនសុខ ផ្លូវ លេខ៥៩៨ ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន ។

សាកសពត្រូវបានគេស្គាល់ឈ្មោះ យីម យាង អាយុ៣៦ឆ្នាំ មុខរបរអាជីវករ មាន ទីលំនៅខុនដូរកើតហតុខាងលើ ។

តាមប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងខ្លួន(ស្វាមី)បាននាំគ្នាទៅហូបបាយនិងផឹកស៊ីនៅផ្ទះមិត្តភក្តិនៅបុរីប៉េង ហួត។ បន្ទាប់មកក៏បបួលគ្នាទៅច្រៀង ខារ៉ាអូខេនៅហាងសំរិទ្ធពេជ្ររួចច្រៀងចប់ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ចំណែក ប្រពន្ធនិងគាត់ជាស្វាមីក៏បើករថយន្តមក ផ្ទះ ហើយពេលមកដល់ផ្ទះប្រពន្ធបានរៀបចំបត់ខោអាវទុកដាកជាធម្មតា។ ដោយ ឡែកខ្លួនគាត់ជាប្តីបានរៀបចំម្ហូបអាហារដែលនៅសល់ទុកហូបនៅថ្ងៃស្អែកទៀត។ ពេលនោះមិនដឹងរឿងអីប្រពន្ធលួចបានបើក ទ្វារចេញទៅរានហាលខាងមុខរួចលោតចុះមកក្រោមក្នុងកម្ពស់ជាង១០ម៉ែត្រ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុគេឃើញកម្លាំង នគរបាលមូលដ្ឋានបានទៅដល់សហការជាមួយកម្លាំងកងរាជអាវុធហត្ថដើម្បីធ្វើកោសល្យវិច័យ ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញបានឲ្យដឹងថា សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារលោតពីលើខុនដូ ប្រាកដមែន។ រីឯមូលហេតុដែលបណ្តាលឲ្យស្រ្តីរងគ្រោះដាច់ចិត្តធ្វើអត្តឃាតនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាក្សីជួយ បំភ្លឺនៅឡើយ ។

បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានស្វាមីនិងក្រុមគ្រួសារដឹកយកទៅធ្វើ បុណ្យតាមប្រពៃណីនៅស្រុកកំណើតឯ ខេត្តព្រៃវែង ៕ តុង សីហា


ចែករំលែក៖