ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ចំនួន ១,៨៨៥នាក់ ។ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះមានៈ បរិញ្ញាបត្ររងជំនាន់ទី១៧, បរិញ្ញាបត្រជំនាន់ទី១៥, អនុបណ្ឌិតជំនាន់ទី៩, បណ្ឌិតជំនាន់ទី១ និងទី២ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាលទៅជាសាកលវិទ្យាល័យដ៏ធំមួយដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ជាពិសេសសាកលវិទ្យាល័យបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា អន្តរជាតិ និងបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ទាំងហេរដ្ឋារចនាសម្ព័ន្ធ និងអាគារសិក្សាជាដើម។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់សាកលវិទ្យាល័យផ្សេងទៀត គួរបង្កើតការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ក្រៅពីបរិញ្ញាបត្រ អនុបណ្ឌិត ដើម្បីផ្តល់ឱកាសដល់និស្សិតដែលប្រលងធ្លាក់បាក់ឌុបអាចចូលរៀនជំនាញឯកទេសផ្សេងៗបាន។ សម្តេចតេជោ បានកោតសរសើរចំពោះជនជាតិបរទេសដែលបានមកសិក្សានៅសាកលសវិទ្យាល័យនេះដែលមានចំនួនរហូតដល់ ៣១នាក់។ នេះជាមោទនៈភាពរបស់កម្ពុជា ដែលយើងមានសាកលវិទ្យាល័យមានគុណភាព និងទទួលស្គាល់លក្ខណៈអន្តរជាតិ។ បច្ចុប្បន្នកម្ពុជាមានមោទនៈភាពចំពោះការរីកចម្រើននៃវិស័យអប់រំ ពីព្រោះប្រទេសយើងបានឆ្លងកាត់ ការលំបាកជាច្រើន ជាក់ស្តែងនៅថ្ងៃនេះកាលពីឆ្នាំ ១៩៧៥ រាជធានីភ្នំពេញមិនមានមនុស្សរស់នៅទេ គឺត្រូវបានជម្លៀសចេញ ហើយវិស័យអប់រំក៏ត្រូវបានបាត់បង់នៅពេលនោះដែរ។ តែពេលនេះកម្ពុជាកំពុង អភិវឌ្ឍស្ទើរលើគ្រប់វិស័យ។

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់ចំពោះ កុមារ និងយុវជនអោយទទួលបាននូវការសិក្សារៀនសូត្រ ជាពិសេសនៅតាមណ្តាលខេត្តផ្សេងៗបានបង្កើតជាសាលារៀនជាច្រើន ដើម្បីផ្តល់ជាកន្លែងសិក្សារៀនសូត្រកាន់តែងាយស្រួល។ បច្ចុប្បន្នកម្ពុជាកំពុងខិតខំជម្រុញការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេស ជាពិសេសតាមរយៈ ការពង្រីកទីផ្សារចាស់ដែលមានស្រាប់ និងបង្កើតទីផ្សារថ្មីបន្ថែមទៀត ដែលយើងត្រូវមានការប្រកួតប្រជែងជាមួយ ប្រទេសផ្សេងៗជាច្រើន ដែលត្រូវមានការចូលរួមពីស្រទាប់យុវវ័យដែលមានការអប់រំជ្រៅជ្រះ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារ និងពលករ ពលការីនីខ្មែរដែលកំពុងរស់នៅនិងបម្រើការងារនៅប្រទេសកូរ៉េ សូមកុំមានការព្រួយបារម្មណ៍ចំពោះបញ្ហានៅកូរ៉េ គឺត្រូវស្ងប់ចិត្ត សង្គ្រាមមិនអាចកើតឡើងទេ មិនមានហេតុផលណាមួយដែលត្រូវធ្វើការជម្លៀសចេញនោះទេ។ ការជម្លៀសមនុស្សប្រមាណជាងបួនម៉ឺននាក់វាមិនមានភាពងាយស្រួលនោះទេ។ សម្រាប់ពលករវិញពេលដែលជម្លៀសហើយនោះ ក៏អាចប្រឈមនឹងការបាត់បង់ឱកាសការងារនៅប្រទេសកូរ៉េ ព្រោះថាពេលប្រទេសគេកំពុងមានបញ្ហាយើងរត់ចោលគេ។ ដូចច្នេះសូមរក្សាភាពស្ងៀមស្ងាត់ គឺរស់នៅតាមធម្មតាទៅតាមប្រជាពលរដ្ឋកូរ៉េដែលបានរស់នៅទីនោះ។ រដ្ឋាភិបាលកូរ៉េគឺមានមធ្យោបាយនិងវិធីសាស្រ្តច្រើនក្នុងការថែរក្សាការពារពលរដ្ឋកូរ៉េ។ ក្នុងលក្ខណៈចាំបាច់ណាមួយនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសកូរ៉េដោយផ្ទាល់តែម្តង ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនយើងនៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះជ័យលាភីទាំងអស់នៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតដល់ថ្ងៃនេះ និងបានអំណរគុណដល់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ឪពុកម្តាយ និងអាណាព្យាបាល ដែលបានជួយជ្រោមជ្រែងផ្តល់ថវិកា និងគាំទ្រចំពោះការសិក្សារបស់និស្សិត នេះដោយសារតែកម្ពុជាមានសន្តិភាព ដែលផ្តល់ឱកាសអោយយុវជនបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់។ ការសិក្សាគឺគ្មានដែនកំណត់ ដូច្នេះនិស្សិតយើងគឺអាចបន្តសិក្សាទៅមុខទៀត។

មុននឹងចុងបញ្ជាប់បាន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និសិ្សតដែលបានបញ្ចប់ការសិក្សា និងបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងថតរូបអនុស្សាវរីយ៍ និងជូនពរដល់និស្សិត និងក្រុមគ្រួសារ សាស្រ្តាចារ្យ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យទាំងអស់ ទទួលបានជោគជ័យ និងជួបនូវពុទ្ឋពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖