ខេត្តពោធិ៍សាត់៖ លោក សោម ឬទ្ធី មានតួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលបាកាន និងមុខងារមួយទៀតគ្រប់គ្រងកន្លែងអភិរក្សជលផលដីរនាតជាបណ្ណោះអាសន្នផងនោះ បានដឹកនាំកម្លាំងក្រោមឱវ៉ាត សហការជាមួយកងកម្លាំងប្រដាប់អាវុធបានផ្ទុះអាវុធមួយប្រាវបណ្ដាកឲ្យក្មេងអាយុ ១៦ឆ្នាំម្នាក់ត្រូវគ្រាប់រងរបួសយ៉ាងធ្ងន់ធ្ងរ និងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែការផ្ទុះអាវុធខាងលើហាក់បីដូចជាមានអាថកម្បាំងខ្លាំងណាស់ ព្រោះគេមិនដឹងការផ្ទុះអាវុធនេះក្នុងករណីអ្វីនោះទេ ខណៈត្រូវបានគេលាក់លៀមទាំងខាងជនរងរបួសទាំងខាងក្រុមសមត្ថកិច្ចបង្ក។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅកណ្ដាលបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផលដីរនាត ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានរាយការណ៍ពីតំបន់បឹងទន្លេសាបបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ថា ក្មេងជំទង់រងរបួស(ត្រូវគ្រាប់)ឈ្មោះ រើន រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកក្បាលតោល ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានរាយការណ៍ខាងលើបន្តថា ក្មេងប្រុសរងរបួស(ត្រូវគ្រាប់)ចំនួន ២កន្លែង កដៃឆ្វេងធ្លាយ និងមួយកន្លែងទៀត បញ្ឆិតថ្ពល់ខាងស្តាំ(ធ្ងន់) បញ្ជូនទៅព្យាលនៅមន្ទីរពេទ្យឯខេត្តសៀមរាប ខណៈដែលក្មេងរងរបួសរួមដំណើរជាមួយឪពុករបស់ខ្លួនដោយកាណូត ប៉ុន្តែគេមិនដឹងថាក្មេងរងរបួសរួមទាំងឪពុកប្រព្រិត្តអ្វីនោះទេ ដែលពួកគាត់ចូលទៅតំបន់ត្រូវបានហាមឃាត់ទាំងយប់នោះ ទើបជួបបញ្ហាផ្ទុះអាវុធបណ្ដាលឲ្យរងរបួសត្រូវគ្រាប់ទាំងមនុស្សរួមទាំងខូចកាណូតបែបនេះនោះ។
ប្រភពព័ត៌មានរាយការណ៍ដដែលបន្តទៀតថា ករណីផ្ទុះអាវុធច្រើនគ្រាប់បណ្ដាលឲ្យមានមនុស្សរងរបួស និងខូចខាតមធ្យោបាយធ្វើដំណើរខាងលើ អាចនិយាយបានថា ក្នុងករណីបង្រ្កាបបទល្មើសនេសាទ ព្រោះតំបន់នោះជាកន្លែងអភិរក្សជលផល ការបពារដោយមន្រ្តីជំនាញរដ្ឋបាលជលផល មានលោក សោម ឬទ្ធី តួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលបាកាន និងគ្រប់គ្រងកន្លែងជាបណ្ណោះអាសន្នផងនោះ ប៉ុន្តែគេដឹងថាករណីបង្រ្កាបគឺតែជនប្រព្រិត្តល្មើសណាមិនបង់លុយតែប៉ុណ្ណោះ។
ប៉ុន្តែទោះជាណាក្តី អ្នកកាសែត នគរវត្ត មិនអាចស្វែងរកសុំការពន្យល់ពីលោក សោម ឬទ្ធី នាយរងសង្កាត់រដ្ឋបាលជលផលបាកាននោះបានទេ រហូតដល់រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ៕ ប៉ឹម ពិន