ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញរបស់អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរង បានចុះបង្រ្កាបមុខសញ្ញាការប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេម៉ោង១១ និង៤១នាក់ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ នន់ ចាន់មិថុនា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះបង្ក្រាបជាក់ស្ដែងសុំមិនបញ្ចេញឈ្មោះរាយការណ៍ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទាំងពីនាក់ទី១ឈ្មោះ នន់ ចាន់មិថុនា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងទី២ ឈ្មោះ សន ធារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារខាងលើ លទ្ធផល៖កម្លាំងបានដកហូតនូវ ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច លុយខ្មែរចំនួន ២៦.៥០០រៀល លុយដូល្លារចំនួន ០១$ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ដែកកេះចំនួន ០៤ កាបូបតូចសម្រាប់ដាក់លុយចំនួន ០២ ថង់សម្រាប់ច្រកផ្សេងៗ និងទុយោសម្រាប់ប្រើប្រាសផ្សេងៗមួយចំនួន។
ប្រភពព័ត៌មានរាយការណ៍ដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យទាំង ពីនាក់ រួមទាំងវត្ថុតាង និងសម្ភារ បានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តន៍បន្តតាមនីតិវិធី៕ ប៉ឹម ពិន