ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផលិតផលបក្សីខូចគុណភាពជិត១តោនយកទៅដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ផលិតផលបក្សីខូចគុណភាពហាមឃាត់ខុសច្បាប់បង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកទិញយកទៅបរិភោគ ជាប្រភេទឆ្អឹង ជង្គង់ និង ស្លាប មាន់សរុបទម្ងន់ជិត១តោន ដែលឈ្មួញដឹកបង្កប់តាមរទេះរបស់កម្មករនាំពីប្រទេសថៃ ចូលប្រទេសកម្ពុជាតាមច្រកអន្តរជាតិ ប៉ោយប៉ែត ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យសហការជាមួយមន្រ្តីគយបានត្រួតពិនិត្យរកឃើញ ហើយ បង្រ្កាបដកហូតយកទៅដុតកម្ទេចចោល ។

ករណីបង្រ្កាបមន្រ្តីជំនាញធ្វើឡើង កាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចទីលាន ត្រួតពិនិត្យទំនិញប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឈ្មួញដែលជាអ្នកនាំចូលផលិតផលបក្សីហាមឃាត់ខុសច្បាប់នោះបានរត់គេចខ្លួនបាត់ខណៈដែលមន្រ្តីជំនាញកំពុងតែឆែកឆេររទេះអូសដឹកទំនិញរបស់កម្មករជាមុខសញ្ញាដឹកផ្ទុកលាក់បង្កប់ផលិតផលបក្សីទាំងនោះ ។ ការបង្រ្កាបទៅលើឈ្មួញអ្នកនាំចូលផលិតផលបក្សីខុសច្បាប់ត្រូវគេ មើលឃើញថាមន្រ្តីជំនាញកាំកុងត្រូល ប្រចាំមាត់ច្រកអន្តរជាតិប៉ោយប៉ែតកំពុងតែមានវិធានការរឹតបន្តឹងដើម្បីពង្រឹងការនាំចូលផលិតផលទំនិញម្ហូបអាហារខូច គុណភាពពីបរទេសដែលបង្កគ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋខ្មែរន ។

លោក ហុង លៀង ប្រធានការិយាល័យទីផ្សារនិងរកចំណូលនៃសាខាកាំកុងត្រូលខេត្តបានប្រាប់ឱ្យដឹងថាការបង្រ្កាបផលិត ផលបក្សីជាប្រភេទឆ្អឹងជង្គង់ និងស្លាបមាន់ ខូចគុណភាពខុសច្បាប់ ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត ក្រោយពីលោកទទួលព័ត៌មានមកថាមានឈ្មួញបានលួចនាំចូលដឹកបង្កប់តាមរទេះអូសដឹកទំនិញ របស់កម្មកររួចមកហើយនោះ ។ ផលិតផលបក្សីទាំងនោះចាត់ទុកថាជាកាកសំណល់ដែលខាងក្រុមហ៊ុនថៃជាអ្នកផលិតផលិតផលបក្សីគេបានពន្លះយកសាច់អស់ខូច គុណភាពអាចបង្កឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋអ្នកបរិភោគហើយផលិតផលបែបនោះត្រូវបានច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវារបស់ក្រសួងពាណិជ្ជកម្មបាន ហាមឃាត់មិនឱ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយ ។ ផលិតផលបក្សីហាមឃាត់ខុសច្បាប់ខាងលើត្រូវបានឈ្មួញខ្មែរខិលខូចមួយចំនួនលួចលាក់ដឹកបង្កប់តាមរទេះដើម្បីយកមលក់ចែកចាយក្នុងខេត្តបន្ទាយមានជ័យឬនៅតាមបណ្តាខេត្តក្រុងមួយ ចំនួនទៀត ។

លោកបញ្ជាក់ឱ្យដឹងទៀតថា ដើម្បី បញ្ចៀសនិងការពារសុខភាពប្រជាពរដ្ឋដែលអាចប្រឈមបញ្ហាប៉ះពាល់សុខភាពពីការ នាំចូលផលិតផលបក្សីខូចគុណភាពខុស ច្បាប់ទាំងនោះនៅរសៀលថ្ងៃដដែលមន្រ្តី ជំនាញក៏បានរឹបអូសយកទៅដុតកម្ទេច ចោលនៅចំណុចទីលានដីកាស៊ីណូផ្កាយ ៥ក្រុងប៉ោយប៉ែតតែម្តង ៕ សំ វិច្ឆិកា


ចែករំលែក៖