ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចាប់ពីពេល នេះតទៅក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្ស សង្គ្រោះជាតិដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរីលោក ជុន ច័ន្ទ បុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។
ការអះអាងយ៉ាងដាច់ណាត់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខ ហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃសកាលពីព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៧ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន ១៦នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ។
លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ស្រី មូរ សុខហួរ និងលោក ឡុង រី មាន ចេតនាអសីលធម៌ដោយបន្លំសមត្ថកិច្ច ដើម្បីនាំលោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរីចូលទៅពន្ធនាគារព្រៃសដែលនេះគឺជា កំហុសសីលធម៌មួយ ។
លោកបានបញ្ជាក់ថា «លើកក្រោយ យើងនឹងលែងឱ្យមានការជួបសួរសុខទុក្ខបែបនេះទៀតហើយទៅថ្ងៃអនាគត។ យើង អនុញ្ញាតឱ្យតែមេធាវីរបស់ជនជាប់ចោទ ឬ គ្រួសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ ព្រោះ ថាគាត់ (តំណាងរាស្រ្តបក្សប្រឆាំង) ធ្វើ បែបនេះយើងលែងឱ្យចូលទៀតហើយ» ។
លោក ខៀវ សុភ័គ បានសន្និដ្ឋានថា «លោក ជុន ច័ន្ទបុត្រ ប្រាកដជាសមាជិក របស់គណបក្សប្រឆាំង ទើបអាចធ្វើជាជំនួយ ការរបស់គណបក្សប្រឆាំងចូលទៅក្នុងពន្ធនាគារ។ ដូច្នេះព័ត៌មានរបស់ ជុន ច័ន្ទបុត្រ ពីថ្ងៃនេះទៅថ្ងៃមុខ គឺជាព័ត៌មានអុជអាល។ មួយទៀតគឺតំណាងរាស្រ្តគណបក្សសង្គ្រោះ ជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី គាត់មិនស្មោះត្រង់ជាមួយអាជ្ញាធរ មិន ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដែលមិនបានប្រាប់ការណ៍ពិតអំពីរឿងនេះដល់សមត្ថ កិច្ចបានដឹង» ។
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃបានថ្លែងថា លោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរីប្រចាំនៅ កម្ពុជាបានសរសេរឈ្មោះរបស់ខ្លួនបន្លំ សមត្ថកិច្ចពន្ធនាគារពីឈ្មោះផ្លូវការរបស់លោក ហួត វុទ្ធី ទៅជាឈ្មោះ ហួត រុទ្ធិ ហើយ នៅពេលនេះខាងនាយកដ្ឋានពន្ធនាគារ បាននិងកំពុងធ្វើរបាយការណ៍ដាក់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីពិនិត្យ លើករណីនេះ ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌនឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធ នាគាររបស់លោក ជុន ច័ន្ទបុត្រ អនុប្រធាន វិទ្យុអាស៊ីសេរីជាភាសាខ្មែរកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ជាអំពើល្មើសច្បាប់ ព្រហ្មទណ្ឌ ។
លោក គឹម សន្តិភាព បានបញ្ជាក់ថា «ជាធម្មតាទេប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ នោះដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវ ប្រកាន់យក។ ហេតុនេះសាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ»៕ ហេង សូរិយា