ភ្នំពេញ ៖ ស្រ្តីជាមេខ្យល់ម្នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជនក្រសួងមហា ផ្ទៃស្រាវជ្រាវតាមចាប់ខ្លួនបានកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ២៦ ផ្លូវលំ ក្បែរសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យដោយសង្ស័យថា ជាមេខ្លោងជួញ ដូរស្រ្តីខ្មែរនាំទៅរៀបការជាមួយបុរសជនជាតិចិន ។
ស្រ្តីសង្ស័យជាមេខ្លោងជួញដូរមនុស្សឈ្មោះ អេង អាយុ៣៥ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើត ហេតុខាងលើ ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ស្រ្តីខាងលើសង្ស័យជាមេខ្លោងជួញដូរមនុស្ស នាំស្រ្តីខ្មែរទៅរៀបការជាមួយបុរសនៅ ប្រទេសចិនបែកធ្លាយរឿងត្រូវបានអគ្គកុងស៊ុលប្រចាំនៅប្រទេសចិនចាប់បញ្ជូនខ្លួននារីរងគ្រោះវិលមកប្រទេសខ្មែរវិញកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក ហើយនារីរងគ្រោះបានប្តឹងទៅក្រសួងមហាផ្ទៃចាត់ វិធានការស្រាវជ្រាវចាប់មេខ្លោង។ ក្រោយមកក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស៊ូ វ៉ាន់ឌី អនុប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះស្រាវជ្រាវឃាត់ខ្លួនស្ត្រីមេខ្លោងបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដោយស្រ្តី សង្ស័យសម្ងំលាក់ខ្លួនក្នុងបន្ទប់ជួលក្បែរ សួនកាណាឌីយ៉ា ។
បើតាមប្រភពផ្សេងមួយទៀតបានឲ្យ ដឹងថា ស្រ្តីជាជនសង្ស័យមេខ្លោងជួញដូរ មនុស្សបាននាំនារីវ័យក្មេងម្នាក់មានអាយុ២៦ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោកទៅរៀបការជាមួយជនបរទេស នៅប្រទេសចិនកាលពីអំឡុងខែតុលា ឆ្នាំ ២០១៦ ក្នុងតម្លៃ១.៥០០ដុល្លារ ដោយ សារអត់មានលិខិតឆ្លងដែនពេលទៅដល់ប្រទេសចិនបែកធ្លាយរឿង ហើយត្រូវបានសមត្ថកិច្ចចាប់នារីរងគ្រោះបញ្ជូនវិលត្រឡប់ មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នារីរងគ្រោះត្រូវបានជនសង្ស័យជាមេខ្លោងបន្តនាំយកទៅឃុំលាក់ខ្លួនទុកនៅផ្ទះ សំណាក់រហូតបែកធ្លាយរឿងទើបកម្លាំង នគរបាលក្រសួងមហាផ្ទៃស្រាវជ្រាវចាប់ ឃាត់ខ្លួនស្រ្តីមេខ្យល់បានតែម្តង ។
ក្រោយពីឃាត់ខ្លួនស្រ្តីសង្ស័យជាមេខ្លោងសមត្ថកិច្ចបាននាំទៅកាន់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕ ហេង សូរិយា