ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២បានសហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌចុះឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅក្នុងទីតាំងមិនរៀបរយ ។
ករណីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២(ច្រាំងទន្លេ) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនមាន ថ្នាំក្រាមពណ៌ស៧កញ្ចប់ ម៉ូតូ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ឈ្មោះ ម៉ាត ស្លារិក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ អិស្លាម ជាអ្នកប្រើប្រាស់, ឈ្មោះ ង្វៀង ធីហា ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកប្រើប្រាស់ និង៣ឈ្មោះ ម៉ាយ ហុង ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកចែកចាយ អ្នកទាំង៣មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងនគរបាលប៉ុស្តិ៍ ក៏ដូចជាខណ្ឌឫស្សីកែវ បានខិតខំស្រាវជ្រាវបង្ក្រាបទៅលើករណីគ្រឿងញៀន ដែលជាបញ្ហាក្តៅគគុក ថ្នាក់ដឹកនាំបានដាក់បទបញ្ជាកន្លងមក ។ ជាក់ស្តែង ខណ្ឌឫស្សីកែវបានបង្ក្រាប និងដកហូតគ្រឿងញៀន អ្នកប្រើប្រាស់ អ្នកចែកចាយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ចំពោះជនសង្ស័យទាំង៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕ អារុណរះ